ខេត្តសៀមរាប ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីក្នុងចិត្ត ចេះតែផឹកស្រាស្រវឹងជាប់ជាប្រចាំ ហើយរាល់ពេលស្រវឹងម្តងៗ ចេះតែប៉ុនប៉ងចងកសម្លាប់ខ្លួនរហូត តែត្រូវម្តាយប្រទះឃើញចេះតែហាមឃាត់ជានិច្ច ប៉ុន្តែកូនប្រុសរូបនេះមិនព្រមស្តាប់ នៅតែលួចចងកស្ងាត់ៗ រហូតដល់ស្លាប់ដូចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង៤៦នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដូរ្យតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
បុរសគំនិតខ្លីខាងលើ មានឈ្មោះឃួន វិចិត្រ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុ។
តាមសម្តីស្ត្រីជាម្តាយរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា មួយរយៈចុងក្រោយនេះ កូនប្រុសរបស់គាត់មិនដឹងថាមានវិបត្តិផ្លូវ ចិត្តរឿងអ្វីនោះទេ តែងតែដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ ហើយអ្វីដែលកាន់តែចម្លែកទៀតនេះ គឺឱ្យតែស្រវឹងម្តងៗ កូនប្រុសនេះចេះតែប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវគាត់ជាម្តាយប្រទះឃើញជួយសង្គ្រោះទាន់ជាច្រើនដងមកហើយ។ ដោយសារតែឃើញកូនប្រុសចេះតែគិតផ្តេសផ្តាសបែបនេះ ទើបគាត់ឧស្សាហ៍ស្តីប្រដៅ និងហាមឃាត់គេខ្លាំងណាស់ ថាមានរឿងអ្វីយកមកនិយាយគ្នាទៅ ក្រែងគាត់ជាម្តាយអាចជួយ ដោះ ស្រាយបាន មិនត្រូវមានគំនិតខ្លីបែបនេះទេ ប៉ុន្តែកូនប្រុសនេះ នៅតែលាក់បាំងរហូត មិនព្រមនិយាយប្រាប់គាត់សោះ ហើយទីបំផុត កូនប្រុសនេះ នៅតែលួចចងកសម្លាប់ខ្លួនទាល់តែសម្រេចដូចបំណងរបស់គេមែន។
ស្ត្រីជាម្តាយបន្តថា នៅថ្ងៃកើតហេតុកូនប្រុសគាត់ បានចេញទៅផឹកស្រារហូតដល់ស្រវឹង ជោកជាំ លុះត្រឡប់មកផ្ទះវិញ ក៏ឡើងទៅសម្ងំនៅលើផ្ទះបាត់ ចំណែកគាត់នឹកស្មានថាកូនប្រុសឡើងទៅរកកន្លែងដេក លុះមួយសន្ទុះក្រោយមក គាត់ឡើងទៅតាមមើល ក៏ប្រទះឃើញកូនប្រុសបានចងកស្លាប់បាត់ទៅហើយ ទើបគាត់បានស្រែកឆោឡោឡើង ហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕