ខេត្តបាត់ដំបង ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធសុំលែងលះ ទើបធ្វើឱ្យមានគំនិតខ្លី យកថ្នាំបាញ់ស្មៅមកផឹកដើម្បីសម្លាប់ខ្លួន និងត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ដោយសារជាតិថ្នាំពុលខ្លាំងពេក ទើបបណ្តាលឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម។
ករណីបុរសតូចចិត្តប្រពន្ធសុំលែង បែរជាផឹកថ្នាំពុលសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអូរក្រូច ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
បុរសគំនិតខ្លីដែលផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ព្រោះតែឈឺចិត្តនឹងរឿងប្រពន្ធសុំលែងនេះ មានឈ្មោះហូរ ធ្លាក់ ហៅជីដី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានប្រពន្ធនឹងគេដែរ តែដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ទើបកាលពីប៉ុន្មានខែមុនប្រពន្ធបានចុះចោលបាត់ ទុកឱ្យជនរងគ្រោះនៅតែម្នាក់ឯង ខូចចិត្តដើរតែផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ និងចេះតែ ទន្ទឹងចាំផ្លូវប្រពន្ធក្រែងវិលត្រឡប់មកវិញ ប៉ុន្តែប្រពន្ធមិនត្រឹមតែមិនព្រមវិលវិញទេ ថែមទាំងទាមទារឱ្យប្តីនេះលែងលះគ្នាឱ្យបានដាច់ស្រេចទៀតផង ទើបធ្វើឱ្យជនរងគ្រោះតូចចិត្ត ក៏សម្រេចចិត្តគិតខ្លីបែបនេះតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ឆ្លៀតពេលដែលក្រុមគ្រួសារភ្លេចខ្លួន ស្រាប់តែជនរងគ្រោះ បានយកថ្នាំបាញ់ស្មៅលេខ៤៨ យកមផឹក បណ្តាលឱ្យពុលបែកពពុះមាត់ ក្អួតចង្អោរយ៉ាងខ្លាំង និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ និងត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកផ្ទះវិញ រួចរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង៕