សម្រាប់អ្នកមិនធ្លាប់បានបួសរៀន ឬចេះដឹងតិចខាងផ្នែកពុទ្ធចក្រ តែងយល់ថា ព្រះសង្ឃបិណ្ឌបាត គឺនិមន្តតាមផ្លូវសុំ ចង្ហាន់អ្នកស្រុកយកទៅឆាន់ ប៉ុន្តែ បើព្រះសង្ឃសុំអ្វីហួសពីចង្ហាន់ នឹងខុសវិន័យសិក្ខាបទ។ តាមពិតទៅ ក្រៅពីចង្ហាន់ ក៏ ព្រះសង្ឃអាចសុំពីទាយក ទាយិកា បានដែរ ដូចជា សុំព្រះវិហារ សុំកុដិ សុំស្ពាន សុំស្រះ ជាដើម ទើប “នគរធំ” សូមលើក “បិណ្ឌបាត មានន័យដូចម្តេច?” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ បន្ទាប់ពី “ញោមហ៊ុន សែន” បានដាក់បាត្ររឿងដាំដើម- ឈើ ការពារបរិស្ថាន ប្រគេនដល់ “លោកកូន ប៊ុត ប៊ុនតិញ”…។
ពាក្យថា “បិណ្ឌបាត” ជានាមស័ព្ទ (កុំដាក់ជើងរ) មានន័យថា អាហារដែលប្រមូលជាដុំដាក់ក្នុងបាត្រ (ដាក់ជើងរ) សម្រាប់ព្រះសង្ឃឆាន់ ប៉ុន្តែ បើប្រើជាកិរិយាស័ព្ទ ត្រូវថែមកម្មបទពីមុខ ដូចជា “លោកនិមន្តបិណ្ឌបាត” គឺសំដៅដល់ព្រះសង្ឃ និមន្តសុំទេយ្យទានពីញាតិញោមពុទ្ធបរិស័ទ។ ឯពាក្យថា “ភិក្ខុ” ដែលខ្មែរយើងហៅឱ្យខ្លីថា “ភិក ភិក្ខុ៍ ឬលោកភិក្ខុ៍” មានន័យ ថា ស្មូម, អ្នកសូម ឬអ្នកសុំនេះឯង។ ដូច្នេះ ព្រះសង្ឃបិណ្ឌបាត គឺសំដៅដល់ភិក្ខុសង្ឃសុំរបស់របរ ជាគ្រឿងឧបភោគ-បរិភោគ រាប់ចូលក្នុងចតុប្បច្ច័យ ឬបច្ច័យ៤ មិនចំពោះតែម្ហូបអាហារមួយមុខនោះទេ។
ជំនាន់ពុទ្ធកាល តែងមានព្រះសង្ឃនិមន្តបិណ្ឌបាតចង្ហាន់គ្រប់ច្រកល្ហក ដោយហេតុថា ព្រះពុទ្ធអង្គមិនអនុញ្ញាតឱ្យព្រះ- សង្ឃសាវ័ក ធ្វើស្រែចម្ការ ឬប្រកបមុខរបរជំនួញជួញព្រែអ្វីទេ តែឱ្យចិញ្ចឹមជីវិតដោយអាហារបិណ្ឌបាត ឬអាហារសុំគេ។ ជំនាន់នោះ ក៏មានព្រះសង្ឃខ្លះឱបបាត្រនិមន្តទៅប៉ះអ្នកប្រមឹក កំពុងជួបជុំគ្នាស៊ីផឹក ព្រះអង្គក៏បង្អោនព្រះកាយបន្ទាបបាត្រ កណ្តាលវង់ផឹក រួមមានថេរដីកាឮៗថា “ញោម!ៗ អាត្មាសុំសាច់១ដុំមក!” អ្នកប្រមឹកខ្លះ ក៏ចាប់សាច់ក្លែមដាក់បាត្រប្រគេន ឯខ្លះគ្មានសទ្ធាជ្រះថ្លា ក៏ដៀលត្មះព្រះសង្ឃទាំងនោះថា អត់មារយាទ ដើរសុំអាហារគេពាសវាលពាសកាល មិនស្គាល់កន្លែង ស៊ីផឹក។ ពាក្យដៀលត្មះនោះ ក៏ជ្រួតជ្រាបទៅដល់ព្រះពុទ្ធបរមគ្រូ ទើបព្រះអង្គកោះប្រជុំសាវ័ក ដាក់វិន័យសិក្ខាបទ ស្តីពី “អគោចរស្ថាន៦កន្លែង” គឺលំនៅស្រីពេស្យា១, លំនៅស្រីមេម៉ាយ១, លំនៅស្រីក្រមុំចាស់១, លំនៅខ្ទើយ១, លំនៅភិក្ខុនី១ កន្លែងផឹកស៊ី១។ ទាំង៦កន្លែងនោះ ហាមបព្វជិតបិណ្ឌបាត ជាពិសេសពេលបិណ្ឌបាត មិនឱ្យនិយាយស្តី ដោយឱបបាត្រ ឈរពីចម្ងាយ បើគេឱ្យក៏យក បើគេមិនឱ្យ ក៏និមន្តចេញទៅ។ ក្នុងករណីព្រះសង្ឃខ្វះកុដិ ព្រះវិហារ ជាដើម អាចនិមន្ត បិណ្ឌបាតពីទាយក ទាយិកាបាន ដោយសុំឱ្យគេសាងសង់ប្រគេន និងរង់ចាំទទួលគង់នៅ។ ទន្ទឹមនោះ ក៏មានសិក្ខាបទបញ្ញត្តិ រឿងធ្វើកុដិ វិហារនេះដែរ ព្រោះជំនាន់ពុទ្ធកាល មានព្រះសង្ឃ១អង្គ ព្រះនាម “ព្រះធនីយត្ថេរ” ទៅកុហកបោកប្រាស់យក ឈើស្តេចទៅសង់កុដិ។
នៅកម្ពុជា នាសម័យព្រេងនាយ ព្រះសង្ឃដែលមានឋានៈរាជាគណៈ ចៅអធិការ មានអំណាចអាចបិណ្ឌបាតចោរដែល ពេជ្ឈឃាតបណ្តើរអាក្រោស យកទៅប្រហារជីវិត។ ចោរដែលព្រះសង្ឃជួយសង្គ្រោះនោះ មកពីមានឧបនិស្ស័យ ដោយ ហេតុថា បើព្រះសង្ឃបិណ្ឌបាត ចាំបាច់ត្រូវតែពេជ្ឈឃាតប្រគេនលោក មិនហ៊ានរឹងទទឹងទេ រួចព្រះសង្ឃបាននាំអ្នកទោស នោះទៅអប់រំ ឬបំបួសជាសង្ឃ តម្រង់មាគ៌ាឱ្យមករកផ្លូវត្រូវវិញ។ ដូច្នេះព្រះសង្ឃបិណ្ឌបាតមិនចំពោះតែចង្ហាន់មួយមុខនោះ ទេ គឺសុំទាំងអំពើល្អ អំពើអាក្រក់ សុំទាំងកិច្ចអភិរក្សព្រៃឈើ ឬសត្វព្រៃបានទៀតផង។ វត្តអារាមនានា ដែលមានឈ្មោះ ជាភាសាបាលី ច្រើនតែភ្ជាប់ពាក្យ “វន, ពន ឬវ័ន” ដែលមានន័យថា “ព្រៃ” ដូចជា “វត្តជេតពន” (វត្តជាព្រៃរបស់ព្រះអង្គ ម្ចាស់ជេត), “វត្តអម្ពបាលីវ័ន” (វត្តព្រៃស្វាយរបស់នាងអម្ពបាលី), “វត្តវេឡុវ័ន” (វត្តព្រៃប្ញស្សីរបស់ព្រះបាទពិម្ពិសារ)។ ឯ នៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ក៏មាន “វត្តជម្ពូវ័ន” (វត្តព្រៃព្រីង), “វត្តនាគវ័ន” (វត្តព្រៃដំរី), “វត្តសារាវ័ន” (វត្ត ព្រះអង្គម្ចាស់សារាវ័ន រាជបុត្រព្រះបាទនរោត្តម), “វត្តមង្គលវ័ន” (វត្តព្រៃដែលមានមង្គល)៘ វត្តអារាមទាំងអស់ សុទ្ធតែជាដីព្រៃ ឬមកពីទាយក ទាយិកា កាប់ឆ្ការព្រៃកសាងអាស្រមប្រគេនព្រះសង្ឃធុតង្គ ក្រោយមក ក៏បង្កើតជាវត្ត។ ទោះបីជាមានកុដិ ព្រះវិហារ សាលាឆាន់ ក៏វត្តនីមួយៗត្រូវតែដាំដើមឈើជាម្លប់ មិនអាចអត់បានឡើយ ដូចក្នុងរាជ្យព្រះ- បាទស៊ីសុវត្ថិ (ព្រះបរមរាជានុកោដ្ឋ) មានការត្រាស់បង្គាប់ឱ្យដាំដើមគគីរ ក្នុងបរិវេណវត្តទាំងអស់ទូទាំងប្រទេស សូម្បីនៅ តាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ក៏ព្រះអង្គត្រាស់បង្គាប់ឱ្យដាំដើមគគីរដែរ ទើបយើងឃើញដើមគគីរខ្ពស់ៗសេសសល់ មកដល់សព្វថ្ងៃ។
នាពេលថ្មីៗនេះ នៅក្នុងវេទិកាស្តីពី “ការការពារនិងអភិរក្សធនធានធម្មជាតិ” ក្រោមអធិបតីភាពសម្តេចនាយក- រដ្ឋមន្ត្រីហ៊ុន សែន ដែលប្រារឰធ្វើនៅវិមានសន្តិភាព ព្រះតេជគុណប៊ុត ប៊ុនតិញ ដែលសកម្មក្នុងកិច្ចការសង្គម ជាពិសេស ការដាំដើមឈើ ការពារបរិស្ថាន បានមានពុទ្ធដីកាថា “អ្វីដែលបានបិណ្ឌបាតទៅកាន់ញោមនាយករដ្ឋមន្ត្រីថ្ងៃនេះ រឿងថា តូចមួយទេ” ពោលគឺព្រះអង្គបិណ្ឌបាតឱ្យញោមប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ហាមឃាត់អាជ្ញាធរថ្នាក់ខេត្ត-ស្រុក កុំឱ្យរំខានព្រះអង្គ ក្នុងការដាំដើមឈើ…។ ជាការឆ្លើយតបវិញ “ញោមហ៊ុន សែន” ក៏យល់ព្រមដាក់បាត្រប្រគេន “លោក កូន” ដោយព្រមានអាជ្ញាធរឱ្យឈប់ឃាត់ឃាំងព្រះអង្គ ហើយញោមបានទាំងប្រាប់ក្រសួងកសិកម្ម ឱ្យជួយផ្តល់កូនឈើដល់ លោកកូនទៀតផង។
ដូច្នេះយើងឃើញថា រឿងបិណ្ឌបាត សូម្បីតែការដាំដើមឈើ ក៏អាចសុំបានដែរ ព្រោះថា កាលពីសម័យលង្វែក ឧដុង្គ ព្រះសង្ឃអាចបិណ្ឌបាតអ្នកទោសប្រហារជីវិតបាន ចុះរឿងអីកិច្ចការពារបរិស្ថាន បិណ្ឌបាតមិនបាននោះ? ឥឡូវ សម្តេចនាយក រដ្ឋមន្ត្រី ដែលជាអ្នកកាន់ព្រះពុទ្ធសាសនាខ្ជាប់ខ្ជួននោះ បានសម្រេចដាក់បាត្ររឿងដាំដើមឈើ ប្រគេនព្រះតេជគុណ ប៊ុត ប៊ុនតិញ ហើយ គួរតែអាជ្ញាធរខេត្ត-ស្រុក ជួយ “អនុមោទនា” យកកុសលផលបុណ្យនេះផង ដោយប្រែក្លាយពីការធ្លាប់ចាប់ ឃាត់សកម្មភាពព្រះសង្ឃដាំដើមឈើ ឬបំបួសដើមឈើ ឱ្យទៅជាការរៀបចង្ហាន់ប្រគេនវិញ។ កន្លងមក យើងកត់សម្គាល់ បានថា សកម្មជនការពារព្រៃឡង់ មានទាំងជនជាតិភាគតិច រួមទាំងព្រះសង្ឃផងនោះ ត្រូវអាជ្ញាធរមូលដ្ឋានរករឿងបន្ទច់- បង្អាក់ ជួនកាលក៏មានការចាប់ខ្លួនបញ្ជូនទៅតុលាការ។ ករណីប៉ះទង្គិចគ្នានេះ គឺមកពីភាគីអាជ្ញាធរធ្លាប់បានសើមមាត់ ដោយសារឈ្មួញរកស៊ីជួញឈើ លុះសកម្មជនការពារបរិស្ថានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍បុគ្គល និងបក្ខពួក ក៏កើតជា ការចោទប្រកាន់គ្នា។ ចាប់ពីពេលនេះតទៅ “ញោមនាយករដ្ឋមន្ត្រី” ដាក់បាត្ររួចហើយ បើអាជ្ញាធរណាហ៊ានធ្វើទុក្ខបុក- ម្នេញព្រះសង្ឃចុះទៅដាំដើមឈើ ប្រយ័ត្នញោមដកបុណ្យស័ក្តិ។ គួរកុំភ្លេចថា ព្រះពុទ្ធ៥ព្រះអង្គ សុទ្ធតែបានត្រាស់ដឹងពីក្រោម ដើមឈើ គឺព្រះកក្កុសន្ធោ បានត្រាស់ក្រោមដើមច្រេស, ព្រះកោនាគមនោ បានត្រាស់ក្រោមដើមល្វា, ព្រះកស្សបោ បាន ត្រាស់ក្រោមដើមជ្រៃ, ព្រះសមណគោតម បានត្រាស់ក្រោមដើមពោធិ៍, នៅព្រះសិអារ្យមេត្រី១អង្គទៀត នឹងបានត្រាស់ ដឹង ក្រោមដើមខ្ទឹង។ បើអ្នកកាប់បំផ្លាញព្រៃឈើប៉ះដើមឈើសក្ការៈទាំងនេះ ឈ្មោះថា ប្រទូសរ៉ាយចំពោះព្រះពុទ្ធសាសនា។ យើងគួរទុកព្រៃឱ្យវង្វេង ល្អជាងវាលស្រឡះ ដូចករណីអ្នកទេសចរបារាំង ៤នាក់ វង្វេងព្រៃតំបន់ភ្នំគូលែន ខណៈដែលស្ត្រី- ទេសចរបារាំង៣នាក់ទៀត វង្វេងព្រៃនៅភ្នំកែប។ ការវង្វេងដេកក្នុងព្រៃនោះ គេសរសើរថា ខេត្តសៀមរាប និងខេត្តកែប ចេះរក្សាព្រៃអាចឱ្យមនុស្សវង្វេងបាន តែចំពោះខេត្តដែលធ្លាប់មានព្រៃ ក្លាយជាវាលនោះ គ្មានអ្នកសរសើរទេ។
សរុបទៅ “បិណ្ឌបាត មានន័យដូចម្តេច?” ដែលភ្ជាប់សេចក្តីរឿងព្រៃឈើនោះ មានន័យយ៉ាងនេះឯង។ ឥឡូវញោម នាយករដ្ឋមន្ត្រី បានដាក់បាត្ររឿងដាំដើមឈើ ការពារបរិស្ថាន ប្រគេន “លោកកូន ប៊ុត ប៊ុនតិញ” រួចហើយ ចាត់ទុកជា កុសលផលបុណ្យឧត្តុង្គឧត្តមណាស់។ ហេតុនេះ “នគរធំ” ក៏ដូចអ្នកស្រឡាញ់ព្រៃឈើ សូមចូលរួមអនុមោទនា សាធុ! សាធុ! ឱ្យបានគ្រប់ៗគ្នា ចំពោះការដាក់បាត្ររបស់ញោមនាយករដ្ឋមន្ត្រី។ សូមកុសលផលបុណ្យ ឥដ្ឋមនុញ្ញផល ពីការដាក់បាត្រនេះ ជួយទ្រទ្រង់មាតុភូមិកម្ពុជា ឱ្យមានសុខសន្តិភាពជានិរន្តរ៍ ជាពិសេស សូមឱ្យអ្នកនយោបាយគ្រប់និន្នាការឆាប់ស្រុះស្រួលគ្នា ដើម្បីឯកភាពជាតិ និងអភិវឌ្ឍន៍៕
ដោយ ៖ អាចារ្យថាំ