Saturday, April 26, 2025
Homeព័ត៌មានជាតិយល់ដឹងពីការធ្លាក់ស ក្នុងអំឡុងពេលមានផ្ទៃពោះ

យល់ដឹងពីការធ្លាក់ស ក្នុងអំឡុងពេលមានផ្ទៃពោះ

តើការធ្លាក់ស សុទ្ធតែបង្កឡើងដោយមេរោគឬ?

ចំពោះស្ត្រីមានផ្ទៃពោះ ការធ្លាក់ស អាចជួបប្រទះញឹកញាប់ ពីព្រោះមកពីមានការកើនឡើងនូវកម្រិតអ័រម៉ូន Estrogene នៅក្នុងឈាម  និងការកើនឡើងនូវសរសៃឈាមក្នុងទ្វារមាស។  ពិសេស ពេលជិតគ្រប់ខែ នឹងមានធ្លាក់សច្រើនជាងធម្មតា។

ធ្លាក់ស កើតចេញពីជាតិរំអិល ដែលបញ្ចោញពីកោសិកាទ្វារមាស និងកោសិកាមាត់ស្បូន រួមទាំងបាក់តេរីធម្មតាមួយចំនួននៅក្នុងទ្វារមាស។ ធ្លាក់ស ដែលមានលក្ខណៈធម្មតា គឺមិនសូវធុំក្លិន ឬគ្មានក្លិនមិនរមាស់ មានលក្ខណៈដូចសម្បោរ ពណ៌ស ឬពណ៌ទឹកដោះគោ និងមិនមានពណ៌លឿង ឬបៃតងទេ។

ក្នុងអំឡុងពេលពពោះ ស ដែលមានលក្ខណៈខាប់អន្ធិលជាប់ជាមួយមាត់ស្បូនដើរតួនាទីជារនាំង ការពារមិនឱ្យមេរោគក្នុងទ្វារមាសឆ្លងចូលទៅក្នុងស្បូន ដែលអាចប៉ះពាល់ដល់សុខភាពកូនក្នុងពោះ។

តើការធ្លាក់សបែបណា ដែលស្ត្រីមានផ្ទៃពោះ គួរមកពិគ្រោះជាមួយគ្រូពេទ្យ?

ធ្លាក់ស រាវដូចទឹក ដែលអាចច្រឡំជាមួយនឹងការជ្រាបទឹកភ្លោះ។

ការធ្លាក់ស ដែលមានលាយឈាមក្រហម ឬក្រមៅ ឬផ្កាឈូក អាចជាសញ្ញានៃការឈឺពោះ សម្រាល ឬការផ្តល់សញ្ញាសម្រាលមុនខែ ចំពោះគភ៌អាយុតិចជាង៣៧សប្តាហ៍។

ធ្លាក់ស រួមជាមួយរោគសញ្ញាមួយចំនួន ដូចជា ក្រហាយទ្វារមាស រមាស់ទ្វារមាស បត់ជើង តូចមានការឆួលក្រហាយ ពេលរួមដំណេក មានការឈឺចុកចាប់ជាដើម។ រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថា ជាការបង្កឡើងដោយពពួកផ្សិត។

ធ្លាក់ស ដែលមានក្លិនស្អុយដូចត្រីស្អុយ មានពណ៌ស ឬប្រផេះ ពិសេស បន្ទាប់ពីមានការរួមភេទ អាចជាការបង្កឡើងដោយពពួកបាក់តេរី។

ធ្លាក់ស ដែលមានពណ៌លឿង ឬពណ៌បៃតង និងធុំក្លិន អាចជាការបង្កឡើងដោយពពួកបាក់តេរី Trichomoniasis ដែលឆ្លងតាមរយៈការរួមភេទ។

ដូចនេះ រាល់ការធ្លាក់សខុសពីប្រក្រតី ស្ត្រីមានផ្ទៃពោះ គួរតែមកជួបពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលនូវការព្យាបាលឱ្យបានត្រឹមត្រូវ។

តើស្ត្រីគួរធ្វើដូចម្តេច នៅពេលមានធ្លាក់ស ក្នុងពេលមានផ្ទៃពោះ?

បើធ្លាក់ស ជាករណីធម្មតា មិនបង្កដោយមេរោគ គឺពុំមានមធ្យោបាយអ្វីក្នុងការបំបាត់ការធ្លាក់ស នេះទេ។ ប៉ុន្តែស្ត្រីអាចប្រើប្រាស់សំឡីស្តើងទ្រាប់ ចៀសវាងប្រើសំឡីប្រភេទស៊ក (Tampon) ដែលដាក់ចូលក្នុងទ្វារមាស។

ដើម្បីឱ្យប្រដាប់ភេទស្ត្រីមានសុខភាពល្អ  គួរតែធ្វើការសម្អាតទ្វារមាសពីមុខទៅក្រោយ។ ចៀសវាងការស្លៀកខោរឹបតឹង ខោដែលមានជាតិនីឡុង ការត្រាំក្នុងទឹកសាប៊ូ ការប្រើសំឡីអនាម័យ ក្រដាសអនាម័យ ឬទឹកអនាម័យសម្រាប់សម្អាត ដែលមានក្លិនក្រអូប ព្រោះវាសម្បូរជាតិគីមីច្រើន។

ហាមធ្វើការលូកលាងក្នុងទ្វារមាស ព្រោះវាបង្កឱ្យមានការបាត់នូវលំនឹងតុល្យភាពក្នុងទ្វារមាស (Ph) ដែលជាកត្តាបង្កឱ្យមានមេរោគផ្សេងទៀតក្នុងទ្វារមាសលូតលាស់ បង្កជាជំងឺ។ មិនតែប៉ុណ្ណោះ ក្នុងករណីកម្រ វាអាចបង្កឱ្យមានខ្យល់ចូលទៅក្នុងសរសៃឈាមនៅក្នុងទ្វារមាស ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរផងដែរ៕

RELATED ARTICLES