Saturday, June 7, 2025
Homeព័ត៌មានជាតិដោះស្រាយព្រំដែនជម្លោះ កម្ពុជា ប្តេជ្ញាចិត្តប្តឹងទៅ ICJ និងបន្តការសន្ទនា-ច្រកការទូត

ដោះស្រាយព្រំដែនជម្លោះ កម្ពុជា ប្តេជ្ញាចិត្តប្តឹងទៅ ICJ និងបន្តការសន្ទនា-ច្រកការទូត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើប ចំនួនបួន គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរ ជាតិ (ICJ) នៅទីក្រុងឡាអេ និងបានបញ្ជាក់ថា ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់ នៅតុលាការ ICJ រាជរដ្ឋាភិបាល នៅតែប្តេជ្ញាចិត្តបន្តការសន្ទនា និងច្រកការទូត។ ប៉ុន្តែដោយសារមានការបញ្ជូនវិវាទដ៍រសើបទាំង៤នេះ ទៅតុលាការ ICJ ដូច្នេះករណីតំបន់ទាំងបួនខាងលើ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC ជាមួយភាគីថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះទេ។

 រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ករណីទាហានថៃ ឈ្លានពាននិងលបលួចបាញ់សម្លាប់ទាហានខ្មែរ នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺជាការវិវត្តមួយដ៏គួរឱ្យបារម្ភ នៃបញ្ហាព្រំដែន។ ដូច្នេះដើម្បីដោះស្រាយបញ្ហាព្រំដែននេះ ប្រកបទៅដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង រាជរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជូនបញ្ហាវិវាទនេះ ទៅតុលាការ ICJ នៅទីក្រុងឡាអេ ព្រោះប្រសិនបើគ្មានការដោះស្រាយដោយតុលាការអន្តរជាតិទេ នឹងអាចបង្កនូវភាពតានតឹងនៅតំបន់វិវាទនោះកាន់តែធ្ងន់ធ្ងរ ។

 សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ដែលចាក់ឫសក្នុងសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ជាមួយប្រជាជាតិនានា ជាពិសេស ជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើងតាំងពីអំឡុងសម័យអាណានិគមបារាំង។

 ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម មួយប៉ុណ្ណោះ កម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះ ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរជាតិរបស់យើង តែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជា តែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែន ដោយសន្តិវិធី ទោះបីជាខណៈខ្លះ ប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាចក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។

ការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយដោយសន្តិវិធី ត្រូវបានស្តែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែន ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឱ្យកម្ពុជា ឈ្នះម្តង នៅឆ្នាំ១៩៦២ និងឈ្នះម្តងទៀត នៅឆ្នាំ២០១៣ នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

 ជាការគួរឱ្យសោកស្តាយ ដែលនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយ បានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួល ស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជា ជាយូរមកហើយ។ ការផ្ទុះអាវុធនេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

 រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ប្រឆាំងនឹងការប្រើប្រាស់កម្លាំងដោយគ្មានមូលហេតុនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ។ 

ឧប្បត្តិហេតុនេះ គឺស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភ ដែលបង្ហាញពីដែនកំណត់នៃយន្តការដោះស្រាយវិវាទបច្ចុប្បន្ន ជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់ នៅតាមព្រំដែនរួមរបស់យើង។ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍នៃការធានាបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូន វិវាទនៅតំបន់ដែលមានភាពរសើបចំនួនបួន គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រា សាទតាក្របី ទៅតុលាការ ICJ នៅទីក្រុងឡាអេ។ តំបន់ទាំងបួននេះ នៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើប ជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការដោះស្រាយនោះទេ។

 ការសម្រេចនេះ ទទួលបានការគាំទ្រជាឯកច្ឆន្ទ ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅថ្ងៃដដែលនោះ។

 ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់ នៅតុលាការ ICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តការសន្ទនា និងច្រកការទូត។ កម្ពុជា នឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ដោយសារមានការបញ្ជូនវិវាទខាងលើ ទៅតុលាការ ICJ នោះ ករណីតំបន់ទាំងបួនខាងលើ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នាពេលខាងមុខនេះ។

កម្ពុជា សង្ឃឹមថា ប្រទេសថៃ នឹងសហការបញ្ជូនសំណុំរឿងនេះ ទៅតុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានត្រៀមខ្លួនបន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។

 រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរកដំណោះ ស្រាយបញ្ហានេះ ដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជា សូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ“ ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពីរាជរដ្ឋាភិបាលថៃ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ថា ប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងរបស់កម្ពុជា ប្តេជ្ញាដោះស្រាយបញ្ហារវាងយើងដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដូចជា MOU ឆ្នាំ 2000 និងភ័ស្តុតាង រួមទាំងរូបភាពផ្កាយរណប។ ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី ដែលមានស្រាប់ដូចជា JBC (កិច្ចប្រជុំគណៈកម្មា ធិការព្រំដែនរួម) ដែលជាយន្តការបច្ចេកទេស ដែលបង្កើតឡើងដោយ MOU ឆ្នាំ 2000 ដើម្បីពិភាក្សាអំពីការពិនិត្យ និងការបោះបង្គោលព្រំដែនទ្វេភាគី ដែលឥឡូវនេះភាគីកម្ពុជា បានឆ្លើយតបទៅនឹងសំណើរបស់ភាគីថៃ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2025 នៅកម្ពុជា ។ GBC (គណៈ កម្មា ធិការព្រំដែនទូទៅថៃ-កម្ពុជា) ដែលជាយន្តការមួយនៅកម្រិតរដ្ឋមន្ត្រីក្រសួងការពារជាតិ និង RBC (គណៈ កម្មាធិការព្រំដែនតំបន់) ដែលជាយន្តការមួយ នៅកម្រិតមេបញ្ជាការកងទ័ព។ ទាំង GBC និង RBC មានភារកិច្ចចម្បងដើម្បីរក្សាស្ថានភាពព្រំដែនសន្តិភាព។ លើសពីនេះ រដ្ឋាភិបាលទាំងពីរ បានយល់ព្រមផ្តល់អាទិភាពក្នុងការប្រាស្រ័យទាក់ទងជាមួយសាធារណជន ដើម្បីទប់ស្កាត់ការយល់ច្រឡំរវាងប្រជាជននៃប្រទេសទាំងពីរ ។

 រាជរដ្ឋាភិបាលថៃ ក៏បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដែរថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នមានសន្តិភាព និងសណ្ដាប់ធ្នាប់ជាទូទៅ។ រដ្ឋាភិបាលថៃ ធានាដល់ប្រជាពលរដ្ឋរបស់ខ្លួនថា ស្ថាប័នពាក់ព័ន្ធទាំងអស់ បានចាត់វិធានការពេញលេញ តាមនីតិវិធី ដើម្បីការពារអធិបតេយ្យរបស់ប្រទេសថៃ និងរក្សាសិទ្ធិស្របច្បាប់របស់ប្រទេសថៃ យ៉ាងពេញលេញ ហើយជឿជាក់ថា ប្រទេសថៃ និងកម្ពុជា នឹងអាចដោះស្រាយបញ្ហាជាមួយគ្នា ដោយឈរលើមូលដ្ឋាននៃភាពជាអ្នកជិតខាងដ៏ល្អ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន រួមទាំងក្រុមគ្រួសារនៃសមាជិកអាស៊ាន ៕    

RELATED ARTICLES