ខេត្តព្រះវិហារ ៖ សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងរឹបអូសបានឈើអារប្រភេទលេខ២ ជាង១០ម៉ែត្រគូប រួមជាមួយរថយន្ត៣គ្រឿង ដែលជាមធ្យោបាយបម្រើឱ្យការដឹកជញ្ជូនបទល្មើសព្រៃឈើ។ ករណីនេះធ្វើឡើងនៅតាមដងផ្លូវក្នុងក្រុងព្រះវិហារ និងនៅទីតាំងស្តុកឈើផ្សេងទៀតក្នុងខេត្តព្រះវិហារ។
ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃជាប់គ្នា និងក្រោមកិច្ចសហការរវាងសមត្ថកិច្ចចម្រុះ និងកម្លាំងរដ្ឋបាលព្រៃឈើខេត្ត។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបការដឹកជញ្ជូនផល អនុផលព្រៃឈើនោះ ធ្វើឡើងក្រោមបទបញ្ជាអាជ្ញាធរខេត្ត ក្នុងរយៈពេល៣ថ្ងៃបន្តបន្ទាប់គ្នា។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់រថយន្តដឹកឈើ ប្រភេទសាំយ៉ុងបាន៣គ្រឿង និងបង្ក្រាបទៅលើ២ទីតាំងស្តុកឈើគ្មានច្បាប់។
លទ្ធផលនៅក្រោយការបង្ក្រាបសមត្ថកិច្ចរឹបអូសឈើប្រភេទលេខ២ បានប្រមាណជាង១០ម៉ែត្រគូប។
វត្ថុតាងបទល្មើសទាំងនេះ ត្រូវបាននាំយកទៅរក្សាទុក នូវផ្នែករដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យដើម្បីចាត់ការតាមនិតិវិធី៕