ពេជ្រ សោភា ត្រៀមបង្ហាញមុខក្នុងស្ពតពាណិជ្ជកម្មធំមួយទៀត ក្នុងពេលឆាប់ៗនេះ ដែលទាក់ទងគ្រឿងអេឡិចត្រូនិក នេះបើតាមតារាហង្សមាស រូបនេះ បានប្រាប់កាលពីពេលថ្មីៗនេះ។ ការក្តាប់ឱកាសស្ពតពាណិជ្ជកម្មធំៗនេះ ធ្វើឱ្យពេជ្រ សោភា រកចំណូលបានប្រាក់រាប់ម៉ឺនដុល្លារបន្ថែមទៀត បន្ថែមលើអាជីពចម្រៀង ក្រោយពេលដែលនាងលេចមុខក្នុងស្ពត Oppo, Sunsilk, ម្សៅស៊ុបខ្នរ និងគ្រឿងសម្អាងមួយចំនួនទៀត នៅរយៈពេលចុងក្រោយនេះ ទើបធ្វើឱ្យសោភា កាន់តែមានយីអ៊ុនល្អ ត្រូវប៉ាន់ទាំងអាជីពចម្រៀង និងស្ពតព្រមគ្នា។ គ្រាន់តែស្ពត Oppo មួយ ពេជ្រ សោភា ស៊ីថ្លៃដល់ទៅ១៥ម៉ឺនដុល្លារ ព្រោះកុងត្រា១ឆ្នាំ ៥ម៉ឺនដុល្លារ ហើយនាងចុះកុងត្រា៣ឆ្នាំ ដែលតម្លៃខ្លួនលោតឡើងខ្ពស់របស់អ្នកមេម៉ាយនេះ ឡើងជិតស្មើរគ្នាទៅនឹងកំពូលតារាចម្រៀងព្រាប សុវត្ថិ ។
ថ្វិត្បិតតែនៅឆ្នាំ២០១៨ នេះ ពេជ្រ សោភា ហាក់ជោគជ័យអាជីពសិល្បៈច្រើនមែន តែនៅឆ្នាំនេះ សោភា ក៏បរាជ័យស្នេហាផ្ទួនៗ ដែលពីមុនមិនធ្លាប់មានដែរ។ សោភា បានចែកផ្លូវគ្នាជាមួយអតីតប្តីទាហានអាកាសអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ បន្ទាប់ពីនាងបែកបាក់អតីតគូដណ្តឹងប្រុសអាមេរិក យ៉ាងចម្រូងចម្រាស កាលពីឆ្នាំមុនដែរ ដែលធ្វើឱ្យនាងបាក់ទឹកចិត្តកើតជំងឺឈាមសស៊ីឈាមក្រហម ដែលត្រូវព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យមួយ ឯប្រទេសថៃ។
ទោះជាយ៉ាងណា ជំងឺរបស់សោភា បានធូរស្រាលច្រើនហើយ នៅពេលដែលនាងត្រូវបានថ្នមថែបំពេរទាំងយប់ថ្ងៃ ដោយប្រុសក្មេងរូបសង្ហា ឆឹម សក្កដា ក្រោយពីអ្នកទាំង២ បានប្រកាសសារភាពស្នេហ៍ជាចំហរៀងៗខ្លួននោះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យសោភា ខកចិត្តខ្លាំងនោះ គឺចំណងស្នេហ៍ថ្មីខុសវ័យរវាងនាងនិងលោកសក្កដា នោះ មិនត្រូវបានគេជឿជាក់ឡើយ តែបែរជាគេថា នាងសម្តែងល្ខោនស្នេហ៍ ដើម្បីឱ្យសក្កដា បានល្បីឈ្មោះទៅវិញ។
ពេជ្រ សោភា ហាក់មិនខ្វល់រឿងគេរិះគន់លើរូបនាងថា លេងស្នេហ៍ “ក្លែងក្លាយ” នោះទេ តែនាងបានប្រកាសជាចំហថា នឹងត្រៀមរៀបការជាមួយសក្កដា នាពេលខាងមុខនេះ ព្រោះថា ឪពុកម្តាយទាំងសងខាងបានឯកភាពគ្នាអស់ទៅហើយ។
យ៉ាងណា អ្នកដែលស្និទ្ធសោភា បានអះអាងថា គ្មានមង្គលការសោភា-សក្កដា កើតឡើងនោះទេ ព្រោះថា សក្កដា គ្មានអារម្មណ៍ស្រលាញ់ស្រីភេទឡើយ ចំណែកសោភា វិញ ពេលនេះកំពុងតែខូចចិត្តស្អិតទ្រូង ព្រោះអតីតសង្សារបានភ្ជាប់ពាក្យជាមួយតារាផ្សេងចោល នាងបាត់ទៅហើយ៕