ភ្នំពេញៈ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018 មុនគេក្នុងចំណោមប្រទេសអាស៊ាន ដោយប្រកួតបើកឆាកនៅរាជធានីភ្នំពេញជាមួយម៉ាឡេស៊ីនៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨។
ដំណើរនៃការប្រកួតពានប្រចាំតំបន់អាស៊ាននេះ បន្ទាប់ពីកម្ពុជា នឹងធ្វើដំណើរទៅកាន់ទីក្រុង បាងកក(ថៃ) ហាណូយ(វៀតណាម) ហ្សាការតា(ឥណ្ឌូនេស៊ី) ម៉ានីល(ហ្វីលីពីន) និងយ៉ាងហ្គួន(មីយ៉ាន់ម៉ា)។
AFF Suzuki Cup គឺជាការប្រកួតដណ្តើមជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ជារៀងរាល់២ឆ្នាំម្តងដែលរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងមានការទទួលស្គាល់ពីហ្វីហ្វា (FIFA)។
ប្រទេសដែលចូលរួមលេងក្នុង AFF Suzuki Cup 2018 មានចំនួន១០ប្រទេសចែកចេញជា២ពូលគឺពូលA មានកម្ពុជា វៀតណាម ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ចំណែកពូលB មាន ថៃ (ក្រុមការពារតំណែងជើងឯក) ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។ក្រុមជម្រើសជាតិទាំង១០ប្រទេសនេះ នឹងប្រកួតដណ្តើមតំណែង AFF Suzuki Cupនេះ ចាប់ពីថ្ងៃទី៨ ខែ៨ ខែវិច្ឆិកា ដល់ ១៥ ខែធ្នូ ឆ្នាំ២០១៨។ ការប្រកួតនឹងចេញដំណើរពីរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការចាប់ឆ្នោតជ្រើសរើសពូលសម្រាប់ AFF Suzuki Cup 2018 បានត្រូវធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នៅប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងពិធីប្រកាស AFF Suzuki Cup 2018 កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ លោក ណូ ប៊ុយអូ គីដូកូរ៉ូ នាយកក្រុមហ៊ុនខេមបូឌាស៊ុយហ្ស៊ុយគីម៉ូទ័រ បានថ្លែងថា ក្រុមហ៊ុនស៊ុយហ្ស៊ុយគី បានឧបត្ថម្ភ AFF Suzuki Cup តាំងពីឆ្នាំ២០០៨មក ក្នុងគោលបំណងលើកស្ទួយវិស័យកីឡា។ ឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប១០ឆ្នាំនៃការឧបត្ថម្ភរបស់ ស៊ុយហ្ស៊ុយគី ដល់ AFF Suzuki Cupនេះជាលើកទី១ហើយ ដែល AFF Suzuki Cupនឹងត្រូវធ្វើឡើងក្នុងប្រទេសកម្ពុជា។ លោកសង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជា ដែលបង្វឹកដោយលោកហុងដា នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួត៕