ខេត្តកណ្តាល៖ យុវជនម្នាក់ ក្រោយពី ផឹកស្រាស្រវឹងជោក ក៏បានដើរទៅផ្ទះម្តាយមីង របស់ខ្លួន រួចធ្វើសកម្មភាពទាញដំបងវាយបំផ្លាញចានឆ្នាំង បណ្តាលឱ្យបែកខ្ទេចខ្ទី ព្រមទាំងទាញអំបែងចានគប់ជើងគោរបស់ម្តាយមីង ដែលចងទុកនៅក្រោមផ្ទះ បណ្តាលឱ្យរបួសទៀត លុះមិនទាន់អស់ចិត្ត ក៏ឡើងទៅលើផ្ទះធាក់ ម្តាយមីងរបស់ខ្លួនដែលកំពុងដេកបំបៅដោះកូនចំនួន៥ជើង បណ្តាលឱ្យរងរបួស ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីក្មួយប្រុសប្រើអំពើហិង្សាធាក់ម្តាយមីង៥ជើងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ផ្ទះជនរងគ្រោះភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល។
ជនសង្ស័យមានឈ្មោះចក់ ឡាង ហៅជាតិ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល។ សម្ភារៈដែលចាប់យក រួមមានអំបែងចានមួយចំនួន ឆ្នាំងក្រពឹតចំនួន១ ដំបងគល់ឫស្សី១កំណាត់ និងបណ្តាលឱ្យជនរងគ្រោះគ្រេចជើងខាងស្តាំ បែកចាន១ចំនួន ក្រពឹតឆ្នាំងចំ១ និងរបួសជើង គោខាងមុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះដែលត្រូវជាម្តាយមីងរបស់ជនសង្ស័យ កំពុងដេកនៅលើផ្ទះបំបៅដោះកូន ស្រាប់តែភ្លាមនោះ ក៏លេចមុខជនសង្ស័យមិនដឹងជាផឹក ស្រវឹងមកពីណា ក៏បានចូលមកដល់ខាងក្រោម ផ្ទះ រួចក៏បានទាញដំបងប្ញស្សី មកវាយបំផ្លាញចានឆ្នាំងដែលទុកដាក់នៅលើគ្រែ បន្ទាប់មកក៏ទាញអំបែងចានគប់ត្រូវជើងគោរបស់ម្តាយ មីងដែលចងទុកនៅក្រោមផ្ទះ បណ្តាលឱ្យរយះ ចេញឈាមទៀតផង។
ប្រភពដដែលបន្តថា បន្ទាប់មក ជនសង្ស័យ ក៏បានស្រែកគំរាមម្តាយមីងថា “យប់នេះមិនឱ្យរួចខ្លួនទេ អញនឹងសម្លាប់ចោល” រួចក៏ឡើងទៅលើផ្ទះធាក់ម្តាយមីងដែលកំពុងដេកបំបៅដោះកូនចំនួន៥ជើង ចំភ្លៅខាងស្តាំ បណ្តាលឱ្យគ្រេចជើងថែមទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់វាយខ្នោះអូសយកជនសង្ស័យទៅសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕