ខេត្តកណ្តាល ៖ បុរសជាគ្រូបង្រៀនម្នាក់ បានជិះម៉ូតូជូនប្រពន្ធរបស់ខ្លួនទៅផ្សារជួយលក់ដូរបងប្អូននៅភ្នំពេញ លុះយប់ឡើងក៏ជិះត្រឡប់មកផ្ទះវិញតែម្នាក់ឯង ដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តហាយឡែនឌ័រ១គ្រឿង ជ្រុលចង្កូតមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មចោលប្រពន្ធ និងកូន៥នាក់ ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានកើតឡើង កាលពីវេលាម៉ោង៨និង ២៥នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង។
បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះមៃ ប៊ន អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀននៅអនុវិទ្យាល័យ ហ៊ុនសែន ខ្ពប មានលំនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-3051។ ចំណែករថយន្តបង្ក ម៉ាកហាយឡែនឌ័រ មិនចាំពណ៌ និងស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កហេតុរួច បានបន្ថែមល្បឿន បើកគេចបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រខាងលើ (រថយន្តបង្ក) បានបើកបរក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ២១ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវកោង រថយន្តខ្វះការប្រុងប្រយ័ត្ន មិនបន្ថយល្បឿន ទើបបណ្តាលឱ្យជ្រុលចង្កូតទៅបុកម៉ូតូ ជនរងគ្រោះដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឱ្យជនរងគ្រោះ ប៉ើងខ្ទាតទៅចិញ្ចើមថ្នល់ ស្លាប់នៅនឹងកន្លែងកើតហេតុមួយរំពេច។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពីបើកបុកម៉ូតូជនរងគ្រោះហើយ មិនបានឈប់មើលជនរងគ្រោះនោះទេ បែរជាបន្ថែមល្បឿន បើកគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកជនរងគ្រោះដេកស្លាប់លើចិញ្ចើមផ្លូវគួរឱ្យសង្វេគ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានជិះម៉ូតូជូនប្រពន្ធរបស់ខ្លួន ចេញពីផ្ទះនៅស្រុកស្អាង ទៅផ្សារដើម្បីជួយលក់ដូរបងប្អូននៅឯភ្នំពេញ លុះវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ ក៏បានជិះម៉ូតូត្រឡប់មកផ្ទះ វិញតែម្នាក់ឯង ស្រាប់តែធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តបើកបុកស្លាប់យ៉ាងអាណោចអាធ័ម ចោលប្រពន្ធនិងកូន៥នាក់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងទីតាំងកើតហេតុ និងបានសន្និដ្ឋានថា ករណីនេះបង្កឡើងដោយអ្នកបើករថយន្ត បើកបរក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ៕