ខេត្តបន្ទាយមានជ័យ ៖ បុរសជាពលករខ្មែរម្នាក់ ទើបនឹងចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក៏ស្រាប់តែត្រូវជនជាតិថៃ ចំនួន៣នាក់ ជិះម៉ូតូដេញតាមស្ទាក់ផ្លូវ រួចព្រួតវ៉ៃសម្លាប់យ៉ាងឃោរឃៅ បណ្តាលឱ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន១យប់ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងមូលដ្ឋាន ខេត្តឈុនបុរី ប្រទេសថៃ។
បុរសរងគ្រោះដែលត្រូវឃាតករដៃឆៅ ព្រួតវ៉ៃសម្លាប់ មានឈ្មោះឡាំ ភក្ត្រា ហៅពេទ្យ អាយុ៣២ឆ្នាំ ជាពលករចំណាកស្រុក បម្រើការងារ (ជាជាង) នៅប្រទេសថៃ និងមានស្រុកកំណើតនៅភូមិឃីឡែក ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះត្រូវមនុស្សមួយក្រុមជិះម៉ូតូតាមព្រួតវាយ បណ្តាលឱ្យរបួសធ្ងន់ ពេលជនរងគ្រោះកំពុងជិះម៉ូតូវិលត្រឡប់ពីធ្វើការ ដោយពុំដឹងពីមូលហេតុកាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។ នៅក្នុងហេតុការណ៍នោះដែរ ជនរងគ្រោះបានទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុកឈុនបុរី ភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបមកដល់េវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័មតែម្តង។
យ៉ាងណាក្តី តាមសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា តាមប្រភពព័ត៌មានពីប្រទេសថៃ ក្រុមជនសង្ស័យក្នុងអំពើឃាតកម្មខាងលើនេះ ត្រូវបានសមត្ថកិច្ចថៃធ្វើការឃាត់ខ្លួនជនដៃដល់ជាជនជាតិថៃចំនួន៣នាក់ហើយ ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំឱ្យឈានដល់អំពើ ឃាតកម្មដ៏ឃោរឃៅនេះនៅឡើយទេ។
ក្រោយជនរងគ្រោះ បាត់បង់ជីវិតក្នុងមន្ទីរពេទ្យ ភាគីថៃបានធ្វើការដឹកបញ្ជូនសាកសពជនរងគ្រោះ ត្រឡប់មកស្រុកកំណើតវិញតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីប្រគល់សពឱ្យសាច់ញាតិ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិជួលរថយន្តដឹកបន្តពីលើស្ពានមិត្តភាពកម្ពុជា-ថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕