បទចម្រៀង “សល់តែចិត្តស្មោះ” របស់ផលិតកម្មខ្មែរអមតៈ ច្រៀងដោយអ្នកនាងកែវ ច័ន្ទសម្ផស្ស ដែលបានចាក់ផ្សាយកាលពីឆ្នាំ២០០៩ រហូតមកដល់ថ្ងៃទី១៧ ខែកញ្ញា ក្រសួងព័ត៌មាន បានបញ្ជាទៅកាន់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យបញ្ឈប់ការចាក់ផ្សាយ មូលហេតុគឺដោយមានការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអុិត សំហេង ដោយសារតែអត្ថន័យបទចម្រៀងនេះធ្វើឲ្យប៉ះពាល់ដល់តម្លៃការងាររបស់អ្នកបំរើការងារតាមផ្ទះដែលច្បាប់ស្តីពីគាំពារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ដែលបំរើការងារតាមផ្ទះ។
យោងតាមលិខិតមួយ ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញារីទ្ធ បានឲ្យដឹងថា “ដើម្បីជៀសវាងប៉ះពាល់ដល់អារម្មណ៍ និងតម្លៃរបស់បងប្អូនអ្នកបំរើការងារតាមផ្ទះដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់ពួកគាត់ ព្រមទាំងត្រូវបានគាំពារដោយច្បាប់រដ្ឋ ក្រសួងព័ត៌មាន សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ បញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា «សល់តែចិត្តស្មោះ»”។
គួរបញ្ជាក់ថា បទចម្រៀង “សល់តែចិត្តស្មោះ” របស់ផលិតកម្មខ្មែរអមតៈ បានបង្ហោះក្នុង Youtube កាលពីឆ្នាំ២០០៩មកម្លេះ ហើយបទនេះយកលំនាំតាមបទចម្រៀង “ទឹកភ្នែកស្វាមី ស្រីឡង់សេ” ដែលច្រៀងដោយលោកហេង ប៊ុនលាភ៕