ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ ចេះតែលួចសម្លក់សម្លឹងប្អូនថ្លៃស្រីវ័យជំទង់របស់ខ្លួនដោយក្រសែភ្នែកក្រឡិបក្រឡាប់ ខុសប្រក្រតីជាយូរមកហើយ លុះឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ ឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់រំលោភប្អូនថ្លៃស្រីរបស់ខ្លួន រហូតដល់បានសម្រេច ទីបំផុត យុវតីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីបងថ្លៃចាប់រំលោភប្អូនស្រីនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។ លុះយុវតីរងគ្រោះ ដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជាបងថ្លៃជាប់ភ្លាមៗ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃដដែល។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្អូនថ្លៃខ្លួនឯង មានឈ្មោះទូច តិល អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះក.រ អាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា (នៅផ្ទះជាមួយ គ្នា)។
តាមសម្តីរបស់យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក នាងធ្លាប់បានឃើញជនសង្ស័យជាបងថ្លៃ ចេះតែសម្លក់សម្លឹងនាងដោយ ក្រសែភ្នែកមិនធម្មតាជាយូរមកហើយ តែនាងមិនបានចាប់អារម្មណ៍អ្វីឡើយ ហើយក៏មិននឹកស្មានដល់ថា បងថ្លៃរូបនេះ មានគំនិតអាក្រក់ ថោក ទាបដល់ថ្នាក់នេះសោះ។
យុវតីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ ខណៈដែលបងស្រីរបស់នាង (ប្រពន្ធរបស់ជនសង្ស័យ) ចេញទៅក្រៅបាត់ នៅសល់តែនាងនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែជនសង្ស័យជាបងថ្លៃ បានចូលមកធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោលតែម្តង ទោះជានាងប្រឹងរើបម្រះ និងអង្វរកជនសង្ស័យយ៉ាងណាក៏ដោយ ក៏ជនសង្ស័យមិនព្រមលើកនាងឱ្យនាងដាច់ខាត ពោលគឺចាប់រំលោភនាងរហូតដល់បានសម្រេចតែម្តង។
យុវតីរងគ្រោះ បញ្ជាក់ថា ក្រោយពីចាប់រំលោភនាងបានសម្រេចហើយ ជនសង្ស័យបានព្យាយាម លួងលោមនាងផង គំរាមផង មិនឱ្យនាងនិយាយរឿងមួយនេះប្រាប់អ្នកណាដាច់ខាត ពិសេសបងស្រីរបស់នាង (ប្រពន្ធជនសង្ស័យ) ប៉ុន្តែយ៉ាងណាក្តី នាងក៏បានទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់តែម្តង៕