ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ទើបចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏បើករថយន្តបុករទេះលក់បាយឆាមីឆា និងរថយន្ត១គ្រឿង តែមិនព្រមឈប់ដោះស្រាយនោះទេ បែរជាព្យាយាមបើករថយន្តគេចខ្លួន តាំងពីខណ្ឌច្បារអំពៅ ធ្លាយដល់ខណ្ឌចំការមន លុះសមត្ថកិច្ចឃាត់ខ្លួនបាន ស្រាប់តែនារីជើងខ្លាំងរូបនោះ ថែមទាំងបានជេរប្រមាថកាតទានសមត្ថកិច្ច ក្នុងសម្តីធ្ងន់ៗគួរឱ្យឈឺក្បាលថែមទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កដោយនារីរូបស្រស់ ដែលខ្វះការទទួលខុសត្រូវ និងថែមទាំងជេរប្រមាថសមត្ថកិច្ចទៀតនោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នារីជើងខ្លាំងខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ ជាមនុស្សមានការចេះដឹង រស់នៅក្នុងសង្គម គ្រួសារធូរធា ស៊ីវីល័យ បើកបររថយន្ត១គ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AU-9284។
តាមប្រភពពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីបង្កខាងលើស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ បើករថយន្តតូយ៉ូតាព្រូស របស់ខ្លួន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីខេត្តកណ្តាលចូលមកក្នុងរាជធានីភ្នំពេញ ខណៈមកដល់ ជិតវត្តវាលស្បូវ ខណ្ឌច្បារអំពៅ ក៏ស្រាប់តែរថយន្តនេះ បានរេចង្កូតជ្រុលទៅបុករទេះលក់បាយឆាមីឆា បណ្តាលឱ្យបុរសជាអ្នកលក់ដួ់លរងរបួស ចំណែករទេះលក់មីឆា ក៏រងការខូចខាតដែរ។ តែភ្លាមនោះ នារីជាអ្នកបើកបររថយន្តបង្ក មិនព្រមឈប់ដោះស្រាយទេ តែបែរជាបើករថយន្ត រត់គេចទាំងស្ថានភាពស្រវឹង រហូតមកដល់ជិតច្រមុះជ្រូកក្បាលថ្នល់ ក៏ត្រូវបានសមត្ថកិច្ចចរាចរណ៍ តាមឃាត់រថយន្ត ដើម្បីទៅដោះស្រាយគ្នា តែពេលនោះនារីបង្ក មិនព្រមស្តាប់សមត្ថកិច្ចសោះ និងបានជាន់ហ្គែថែម បណ្តាលឱ្យជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតម៉ាក់ HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9669 បើកបរដោយបុរសម្នាក់ ពីក្រោយបណ្តាលឱ្យរងការខូចខាតថែមទៀត។
ប្រភពដដែលបន្តថា ភ្លាមនោះ សមត្ថកិច្ចបានចាប់ទាញនារីរូបនេះចេញរថយន្ត តែនារីវ័យក្មេងរូបនោះ បានព្យាយាមក្រាញននៀល ឡាំប៉ាដូចកូនក្មេង មិនព្រមទៅជាមួយសមត្ថកិច្ចនោះទេ និងថែមទាំងបានប្រើពាក្យសំដីមិនគួរសម ជេរប្រមាថសមត្ថកិច្ចកប់ៗមាត់ទៀតផង។ ទីបំផុត នារីបង្កខាងលើ ត្រូវបានសមត្ថកិច្ចព្យាយាមឃាត់ខ្លួន ដោយលើកដាក់ម៉ូតូ ដឹកយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌច្បារអំពៅតែម្តង៕