ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ បាននាំគ្នាធ្វើសកម្មភាពជីក គាស់កកាយស្ថានីយផ្នូរបុរាណមួយកន្លែង បំណងរុករកវត្ថុមានតម្លៃ នៅចំណុចគោកស្នួល ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មពួក ស្រុកថ្មពួក ទីបំផុតក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះអន្តរាគមន៍ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកុច ជំរៀង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។ ចំណែកបក្ខពួកដែលរត់គេចខ្លួនបាត់ មានឈ្មោះហូវ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានលំនៅក្នុងភូមិជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះកុច ជំរៀង បានឆ្លើយសារភាពប្រាប់ថា នៅមុនពេលកើតហេតុប្រហែល៣-៤ថ្ងៃ រូបគេ និងបក្ខពួកម្នាក់ទៀតឈ្មោះហូវ ធ្លាប់បានទៅជីកផ្នូរខ្មោចបុរាណចំនួនពីរដង នៅឯព្រៃគោកខ្មោចបុរាណ គោកតាមោក នៅខាងលិចភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ចម្ងាយប្រមាណជា៣គីឡូម៉ែត្រពីភូមិ តែមិនបានអីនោះទេ។ លុះមកដល់វេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ពួកគេទាំង២នាក់ បាននាំគ្នាមកជីកផ្នូរបុរាណនៅត្រង់ចំណុចគោកស្នួល ខាងជើងភូមិកសិណ ចម្ងាយប្រមាណជា១០គីឡូម៉ែត្រ (ទីតាំងកើតហេតុខាងលើ) វិញម្តង ស្រាប់តែពេលកំពុងធ្វើសកម្មភាព ក៏ត្រូវបានសមត្ថកិច្ចចុះចាប់ខ្លួនតែម្តង ចំណែកឯបក្ខពួកម្នាក់ទៀតឈ្មោះ ហូវ បានរត់គេចខ្លួន។
លោកតាប់ សាអ៊ុ ប្រធានអង្គភាពកម្លាំងនគរបាលការពារបតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ភ្លាម កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ សហការជាមួយសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះកុច ជំរៀង ខណៈដែលបក្ខពួកម្នាក់ទៀតឈ្មោះហូវ បានរត់រួចបាត់ស្រមោល។
ចំពោះវត្ថុតាងដែលប្រមូលបាន រួមមាន ចបកាប់១ ចបជីក១ ពូថៅ១ ក្រោយពីធ្វើការសួរនាំ រួចសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង ទៅអធិការដ្ឋាននគរបាលស្រុកថ្មពួក និងបន្តបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកបក្ខពួកដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕