ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ បានដើរឃ្វាលគោនៅក្នុងព្រៃសុខៗ ក៏ស្រាប់តែប្រទះឃើញ គ្រោងឆ្អឹងមនុស្ស និងលលាដ៍ក្បាលនៅក្នុងដុបព្រៃ ធ្វើឱ្យមានការភ័យឆោឡោ រត់ប៉ះសក់ ត្រឡប់ចូលភូមិ ប្រាប់ឪពុកម្តាយ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច កាលពីវេលាម៉ោង ២និង៤៥រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទឹកធ្នឹម ស្ថិតក្នុងភូមិគោគរការ ឃុំដូនបា ស្រុកគាស់ក្រឡ។
គ្រោងឆ្អឹង សាកសពខាងលើ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ និងត្រូវបានសមត្ថកិច្ចប្រមូលទុក ដើម្បីប្រគល់ទៅឱ្យខាងជំនាញវិភាគ និងធ្វើកោសល្យវិច័យ។
ចំណែកក្មេងប្រុសដែលប្រទះឃើញគ្រោងឆ្អឹងខាងលើនេះ មានឈ្មោះជា សៀងហៃ អាយុ១១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីក្មេងប្រុសឈ្មោះជា សៀងហៃ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានដឹកគោ ចេញទៅឃ្វាលនៅម្តុំកើតហេតុខាងលើ។ បន្ទាប់មក រូបគេក៏បានដើរលេងនៅក្បែរៗនោះ ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្ស ពិសេសលលាដ៍ក្បាលនៅក្នុងដុបព្រៃមួយកន្លែង ជាហេតុធ្វើឱ្យរូបគេភ័យប៉ះសក់ ក៏រត់ត្រឡប់មកផ្ទះវិញ ប្រាប់ឪពុកម្តាយ ហើយឪពុកម្តាយក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះមកដល់ផ្ទះក្មេងប្រុស ជា សៀងហៃ រួចក៏បានឱ្យក្មេងប្រុសរូបនោះ ជូនទៅពិនិត្យមើលនៅកន្លែងដែលប្រទះឃើញគ្រោងឆ្អឹង។
លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានថ្លែងបញ្ជាក់ថា បើតាមការពិនិត្យគ្រោងឆ្អឹងសាកសពនោះ ទំនងអាចស្លាប់ រយៈពេល២ទៅ៣ឆ្នាំមកហើយ។ លោកបានប្រាប់ថា គេមិនទាន់ដឹងថា គ្រោងឆ្អឹងនោះប្រុសឬស្រីនោះទេ មានអាយុប៉ុន្មាន ហើយស្លាប់ដោយសារអ្វីនោះ ក៏មិនទាន់ដឹងដែរ។
លោកស្នងការរង បានបញ្ជាក់ថា រហូតមកដល់ពេលមិនទាន់មានប្រជាពលរដ្ឋទៅសួរនាំ ឬប្រកាសរកសាច់ញាតិដែលពាក់ព័ន្ធនឹងសាកសពដែលសល់តែគ្រោងឆ្អឹងនេះដែរ។ បន្ទាប់ពីពិនិត្យ មន្ត្រីមូលដ្ឋានបានប្រមូលឆ្អឹងកប់ទុកនៅកន្លែងកើតហេតុនោះ ដើម្បីរងចាំក្រែងមានសាច់ញាតិទៅទទួលយកគ្រោងឆ្អឹងទៅបូជាធ្វើបុណ្យតាមប្រពៃណី៕