Thursday, January 23, 2025
Homeព័ត៌មានជាតិឃុំខ្លួនមេខ្យល់ នាំស្រីខ្មែរទៅលក់នៅចិន

ឃុំខ្លួនមេខ្យល់ នាំស្រីខ្មែរទៅលក់នៅចិន

ខេត្តកំពង់ចាម ៖ នារីវ័យក្មេងម្នាក់ បានធ្វើសកម្មភាពដើរលួងលោមនារីខ្មែរជាច្រើននាក់ ដើម្បីនាំចេញទៅប្រទេសចិន លក់ឱ្យបុរសចិន យកទៅធ្វើជាប្រពន្ធ ទីបំផុតក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៨។

នារីជាប់ចោទដែលត្រូវតុលាការសម្រេចឃុំខ្លួននេះ មានឈ្មោះផន សុខណេង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ១៦៤០ ព.ស និងលេខ ១៦៤២ ព.ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យឈ្មោះផន សុខណេង មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឱ្យបុរសជនជាតិចិននៅប្រទេសចិនធ្វើជាប្រពន្ធ។

ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការសាកសួររួច សមត្ថកិច្ចក៏បានសម្រេចឃាត់ខ្លួននារីសង្ស័យឈ្មោះផន សុខណេង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។ បន្ទាប់មកក៏ត្រូវបានលោកសួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៥១៣ ទ.ព្រ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ពីបទ នាំយកចេញ ដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីអំឡុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៨។

បច្ចុប្បន្ន នារីជាជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបញ្ញត្តិច្បាប់ មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

RELATED ARTICLES