កាលពីពេលថ្មីៗនេះ លោកម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានគំរាមប្តឹងព្រះតេជគុណប៊ុត ប៊ុនតិញ ព្រះប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គមពីបទបរិហារកេរ្តិ៍។ លោកប្រធានគណបក្សនោះ បានលើកឡើងពីវិន័យសង្ឃខ្លះៗដែរ ដោយប្រើពាក្យ “យកស្បង់ចីវរជាវាំងនន” ទើប “នគរធំ” សូមលើកពី “ព្រះសង្ឃធ្វើនយោបាយខុសឬត្រូវ?” មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។
សព្វថ្ងៃ ព្រះពុទ្ធសាសនាបែកចែកជា២និកាយ គឺមហាយាន និងហីនយាន។ ខាងមហាយាន បានផ្តល់និយមន័យពាក្យ នេះថា ជា “យានធំផ្ទុកមនុស្សទៅឋានព្រះនិព្វាន ឬឋានសុខាវតីបានច្រើន” ដោយបន្ទាបហីនយាន ថា “ជាយានតូចចង្អៀត ផ្ទុកមនុស្សទៅឋានរំលត់ទុក្ខបានតិច”។ និកាយមហាយានប្រើគម្ពីរព្រះត្រៃបិដក ជាភាសាសំស្ក្រឹត បានផ្សាយទៅឧត្តរទិស ឬប្រទេសប៉ែកខាងជើងភ្នំហិមាល័យ ដោយ “ព្រះមជ្ឈិមត្ថេរ” ជាសមណទូត ក្រោមការចាត់តាំងពី “ព្រះមោគ្គលីបុត្តតិស្ស- ត្ថេរ” ដែលជាព្រះអរហន្ត ក្រោយបញ្ចប់តតិយសង្គាយនា និងក្រោយព្រះពុទ្ធបរិនិព្វានបាន២១៨ឆ្នាំ។ “និកាយមហាយាន” បានប្រែប្រួលទៅតាមការប្រៀនប្រដៅរបស់គ្រូអាចារ្យ ឬ “លទ្ធិអាចរិយវាទ” មានការប្រើប្រាស់សមណបរិក្ខារប្លែកៗ ដូចជា ពាក់អាវផាយ សូត្រធម៌វាយត្រដោក ជាដើម និងគោរព ព្រះពោធិសត្វសំខាន់ៗ ដូចជា ព្រះនាងបារមិតា, វជ្រសត្វ និងព្រះលោកេស្វរៈ ជាដើម។ ដោយឡែក “និកាយហីនយាន” បានផ្សាយចូលមកសុវណ្ណភូមិ (មានកម្ពុជាផងដែរ) ដោយ “ព្រះសោណកត្ថេរ និងព្រះឧត្តរត្ថេរ” ប្រើគម្ពីរព្រះត្រៃបិដកជា ភាសាមគធៈ ឬភាសាបាលី គោរពព្រះពុទ្ធដីកា ឬ “ថេរវាទ” ព្រះសង្ឃគ្រងស្បង់ចីវរ យកគំរូតាមព្រះពុទ្ធបរមគ្រូ។ ព្រះពុទ្ធសាសនា មានមែកធាងច្រើនណាស់ បានតាំងស៊ប់នៅកោះ សិរីលង្កា ជាពិសេសក្នុងជម្ពូទ្វីប ដែលមានរដ្ឋចំនួន២១ នាសម័យពុទ្ធកាល។ សូម្បីដែនគន្ធារៈ ក៏ព្រះពុទ្ធសាសនាផ្សាយទៅ ដល់ដែរ ដែលសព្វថ្ងៃ ដែនគន្ធារៈ ក្លាយទៅជា “ប្រទេសអាហ្គានីស្ថាន”។ ភ័ស្តុតាងត្រង់មានរូបចម្លាក់ព្រះពុទ្ធរូបជាប់នឹងជញ្ជាំង ភ្នំកម្ពស់ជាង១០០ម៉ែត្រ មានអាយុកាលរាប់ពាន់ឆ្នាំ ត្រូវពួកតាលីបង់ បាញ់កម្ទេចចោល នៅពេលតាលីបង់ កាន់អំណាចនៅ អាហ្វហ្គានីស្ថាន ហើយត្រូវបានពុទ្ធសាសនិកជនដាក់បណ្តាសា រហូតដល់របបតាលីបង់ ដួលរលំក្លាយទៅជាឧទ្ទាមបង្កភេរវកម្ម រហូតមកទល់សព្វថ្ងៃ។
ការលើកឡើង ដោយត្រួសៗខាងលើនេះ បង្ហាញថា ដរាបណាមិនទាន់គ្រប់៥០០០វស្សាតាមពុទ្ធព្យាករណ៍ ព្រះពុទ្ធ-សាសនាមិនអាចរលុបរលាយបានឡើយ សូម្បីនៅកម្ពុជាត្រូវរបបប៉ុល ពត រំលើងដល់ប្ញសគល់យ៉ាងណា ក៏ព្រះពុទ្ធសាសនា នៅតែរុងរឿង។ ចំពោះសំណួរក្នុងប្រធានបទថា “តើព្រះសង្ឃធ្វើនយោបាយ ខុសឬត្រូវ?” យើងសូមឆ្លើយជាបទបរិយាយ ទុកជាគ្រឿងពិចារណាវិញ ដោយមិនឆ្លើយចំៗនោះទេ ពោលគឺនៅសម័យពុទ្ធកាល ក៏មានព្រះសង្ឃធ្វើនយោបាយដែរ ហើយសូម្បីតែព្រះពុទ្ធអង្គ ក៏បានជួយធ្វើអន្តរាគមន៍ភាគីជម្លោះពាក់ព័ន្ធនឹងនយោបាយ។
ឧទាហរណ៍ នៅពេលស្តេចនគរកបិលពស្តុ និងស្តេចនគរទេវទហៈ លើកទ័ពបម្រុងច្បាំងគ្នាដណ្តើមទឹកស្ទឹង (ដណ្តើម អធិបតេយ្យ) ព្រះពុទ្ធអង្គបានយាងទៅសម្របសម្រួលផ្សះផ្សាទំនាស់ដោយសន្តិវិធី រហូតដល់ព្រះមហាក្សត្រទាំង ២នគរ នោះ ព្រមព្រៀងចែកទឹកស្ទឹងគ្នាឱ្យរាស្រីធ្វើស្រែ។ រីឯភិក្ខុទេវទត្ត បានទៅញុះញង់ព្រះរាជកុមារ “អជាតសត្រូវ” ឱ្យធ្វើគុត “ព្រះបាទពិម្ពិសារ” ជាព្រះបិតា ដើម្បីយករាជសម្បត្តិនោះ ទីបំផុតត្រូវបានព្រះពុទ្ធអង្គទេសនាអប់រំអូសទាញបាន ដោយ ញ៉ាំងព្រះបាទអជាត សត្រូវឱ្យក្លាយជាអគ្គពុទ្ធសាសនូបត្ថម្ភក៍ ខណៈដែលទេវទត្តត្រូវព្រះធរណីស្រូប។
នៅក្នុងសង្គ្រាមរវាងស្តេចកន និងព្រះចន្ទរាជា ព្រះសង្ឃត្រូវបាន ភាគីជម្លោះអូសទាញឱ្យចូលក្នុងនយោបាយ ពោលគឺ ស្តេចកន បានតែងតាំងព្រះគ្រូឧបជ្ឈាយ៍ឱ្យឡើងជា “សម្តេចព្រះអរិយញ្ញាណសាគរអបោ” ឋានៈស្មើសម្តេចព្រះសង្ឃនាយក បានទាំងប្រគេនរេហ៍ពល ចំនួន៥០០នាក់ សម្រាប់បម្រើវត្ត ដែលព្រះអង្គគង់នៅ ឈ្មោះវត្តប្រាសាទ ឬវត្តខ្មៅទៀតផង។ ចំណែកខាងព្រះចន្ទរាជា បានតែងតាំងព្រះគ្រូចៅអធិការព្រះនាមសួស ឱ្យឡើងជា “សម្តេចព្រះសុគន្ធាធិបតី សិរីសោធរ- សង្ឃនាយក” ដូចគ្នា ពោលគឺព្រះសាគរអបោ មាននិន្នាការនយោបាយ និងជួយបម្រើនយោបាយស្តេចកន រីឯព្រះសុគន្ធាធិបតី បម្រើនយោបាយព្រះចន្ទរាជា រឿងបម្រើនោះ គឺពេលទេសនាម្តងៗ មានការបញ្ចោញបញ្ចូលអូសទាញពុទ្ធបរិស័ទ ឱ្យគាំទ្រ ស្តេចម្ខាងៗ ឬហ្លួងខាងលិច និងហ្លួងខាងកើត។ លុះពេលស្តេចកន អស់បុណ្យ ព្រះសាគរអបោ បានប្រើសិស្សគណ ឱ្យសែង ព្រះអង្គទៅសុំទោសព្រះចន្ទរាជា ហើយត្រូវហ្លួងខាងលិច ព្រះរាជទានអភ័យ ពុំបានយកទោសព្រះសង្ឃនោះឡើយ។ នៅក្នុង ជម្លោះទាមទារឯករាជ្យ រវាងទីបេត៍ និងមហាប្រទេសចិន យើងឃើញសម្តេចសង្ឃដាឡៃឡាម៉ា ហ៊ានធ្វើពលិកម្មគ្រប់ បែបយ៉ាង និងដាក់ព្រះកាយចូលប្រឡូកក្នុងនយោបាយយ៉ាងជ្រៅ សូម្បីសព្វថ្ងៃព្រះអង្គគង់និរទេសនៅប្រទេសឥណ្ឌា ក៏នៅតែ ទាមទារសិទ្ធិស្វ័យភាព ជូនមាតុភូមិព្រះអង្គ មិនលះបង់ចោលឡើយ។ រីឯព្រះអាចារ្យហែម ចៀវ ព្រះអាចារ្យប៉ាង ខាត់ ព្រះអាចារ្យខៀវ ទុំ ក៏ធ្លាប់ចូលក្នុងនយោបាយដែរ រហូតដល់បារាំងចាប់ផ្សឹកដាក់ពន្ធនាគារ ដែលយើងមិនបានរំព្ញកវែងឆ្ងាយ។
ដូច្នេះសួរថា “តើព្រះសង្ឃធ្វើនយោបាយខុស ឬត្រូវ” យើងសូមបំភ្លឺថា នៅក្នុងវិន័យពុទ្ធប្បញ្ញត្តិ ទាំង២២៧សិក្ខាបទ ដូចជាមិនឃើញមានសិក្ខាបទណាមួយ ចារទុកពីករណីនេះទេ។ នឹងអាចចាប់ផ្សឹកព្រះសង្ឃបាន លុះត្រាតែរកឃើញនូវ “អាបត្តិបារាជិក” ដែលជាកំហុសធ្ងន់បំផុត មាន៤យ៉ាង គឺ១-សម្លាប់សត្វ ២-សេពមេថុនធម្ម ៣-លួចទ្រព្យគេ និង៤-ពោលអួតខ្លួនថា គ្មានអ្នកណាស្មើ (ឧត្តរិមនុស្សធម្ម)។ គួរយល់ថា ក្នុងព្រះពុទ្ធសាសនាមានអាបត្តិធ្ងន់ ឬ “គរុកាបត្តិ” ២កង គឺបារាជិក និងសង្ឃាទិសេស ចំណែកអាបត្តិស្រាល ឬ “លហុកាបត្តិ” មាន៥កង គឺថុល្លច័យ, បាចិត្តិយៈ បដិទេសនីយៈ, ទុក្កដ និងទុព្ភាសិត។ អាបត្តិធ្ងន់ក្តីស្រាលក្តី មិនឃើញនិយាយពីរឿងនយោបាយនោះទេ ដូច្នេះបើគណសង្ឃ ឬអាជ្ញាធរចាប់ព្រះសង្ឃ ធ្វើនយោបាយ បកស្បង់ចីវរ គួរពិចារណាផង។ “នគរធំ” ក៏មានទស្សនៈដែរថា “មកពីព្រះពុទ្ធបរមគ្រូឆាប់បរិនិព្វានពេក ទើបព្រះអង្គដាក់វិន័យសិក្ខាបទមិនអស់” ពោលគឺបើសិនជាព្រះអង្គគង់នៅដល់សព្វថ្ងៃ ម៉្លេះសមព្រះអង្គ “ហាមព្រះសង្ឃ ប្រើទូរស័ព្ទសាំស៊ុងហ្គាឡាក់ស៊ី, ហាមមើលទូរទស្សន៍, ហាមកាន់ប្រាក់ដុល្លារ, ហាមជិះឡានទំនើប, ហាមសិងលើគ្រែប្រណីត, ហាមគាំទ្រនយោបាយ ជាពិសេសច្បាស់ជាព្រះពុទ្ធហាមប្រាមនូវអ្វីដែលនាំឱ្យសៅហ្មងដល់ភេទបព្វជិត” មិនខានឡើយ។ ជាអកុសល ព្រះសម្មាសម្ពុទ្ធបរមគ្រូ បរិនិព្វានកន្លងទៅ ២៥៦០វស្សាទៅហើយ មិនបានហាមសង្ឃធ្វើនយោបាយនោះទេ ដូច្នេះក៏មានទស្សនៈលេចឡើងថា “អ្វីដែលព្រះបរមគ្រូមិនបានហាម គឺមិនខុសអ្វីទេ”។ យ៉ាងណាក៏ដោយ បើនយោបាយ នោះឈានដល់ប៉ះពាល់អាយុជីវិតសត្វលោក, បាត់បង់ទ្រព្យសម្បត្តិសាធារណៈ សង្ឃដែលធ្វើនយោបាយនោះអាចនឹងពាក់ព័ន្ធ ដល់វិន័យសិក្ខាបទបារាជិកមិនខានឡើយ។ ជាក់ស្តែង សង្ឃសេពគ្រឿងញៀន ឬថ្នាំញៀន គ្មានចែងក្នុងសិក្ខាបទទេ ប៉ុន្តែ បើសង្ឃឆបោកលុយពុទ្ធបរិស័ទ (បិណ្ឌបាតបច្ច័យទៅទិញថ្នាំញៀន) ឈ្មោះថា បាន “លួចទ្រព្យគេ” អ៊ីចឹង ត្រូវបារាជិកមិន បាច់ប្រកែក។
សរុបទៅ “ព្រះសង្ឃធ្វើនយោបាយ ខុសឬត្រូវ?” យើងទុកជូនមិត្តអ្នកអានឆ្លើយទៅចុះ ព្រោះអ្វីៗដូចមានទឡ្ហីករណ៍ ខាងលើរួចហើយ។ ករណីមានការចោទប្រកាន់ថា ព្រះតេជគុណប៊ុត ប៊ុនតិញ ធ្វើនយោបាយ ឬថា “យកស្បង់ចីវរជាវាំងនន” នោះ ប្រហាក់ប្រហែលនឹងសកម្មភាពព្រះអាចារ្យហែម ចៀវ ព្រះអាចារ្យប៉ាងខាត់ ព្រះអាចារ្យខៀវ ជុំ ឬសម្តេចដាឡៃ- ឡាម៉ា របស់ទីបេត៍។ បើឱ្យព្រះអាចារ្យហែម ចៀវ ខុស ព្រះអង្គប៊ុត ប៊ុនតិញ ក៏ខុសដែរ តែបើឱ្យព្រះអាចារ្យហែម ចៀវ ប្រឆាំងបារាំង ដែលបានទទួលងារជា “វីរបុរសខ្មែរ” នោះត្រូវ ព្រះអង្គប៊ុត ប៊ុនតិញ ក៏ត្រូវដែរ។ ប៉ុន្តែយ៉ាងណា ព្រះតេជ- គុណប៊ុត ប៊ុនតិញ បានបញ្ជាក់រួចហើយថា ព្រះអង្គជាអ្នកបួស ជាអ្នកបរិស្ថាននិយម ព្រៃឈើនិយម មិនទាន់លូកដៃក្នុងរឿង នយោបាយទេ៕
ដោយ ៖ អាចារ្យថាំ