Tuesday, November 19, 2024
Homeតារាខ្មែរនាយកុយ ប្រាប់ថា ”មេម៉ាយសប្បាយចិត្ត” ឡើងថ្លៃ១ទ្វេជា២

នាយកុយ ប្រាប់ថា ”មេម៉ាយសប្បាយចិត្ត” ឡើងថ្លៃ១ទ្វេជា២

នាយកុយ ជាម្ចាស់អកកាដង់ ”តន្រ្ដីនាយកុយ” ដែលបានបង្កើតឡើងរយៈពេល៧ឆ្នាំមកហើយនោះ បានឲ្យដឹងថា ពេលនេះ នាយបានបញ្ចូលតារាចម្រៀងដែលល្បី តាមរយៈច្រៀងបទ ”មេម៉ាយសប្បាយចិត្ត” គឺរ័ត្ន រចនា​នោះ ទៅចូលក្នុងក្រុមតន្រ្ដីរបស់លោកហើយ តាំងពីតារាចម្រៀងម្នាក់នេះល្បីឈ្មោះមកម្ល៉េះ។ ប៉ុន្ដែនាយកុយ បានត្អូញត្អែរថា ”មេម៉ាយសប្បាយចិត្ត” ពេលនេះឡើងថ្លៃជាងតារាផ្សេងៗទៀត ក្នុងវង់តន្រ្ដីរបស់លោក ព្រោះគាត់អាចច្រៀងបានល្អ និងធ្វើឲ្យកម្មវិធីសប្បាយៗ ហេតុនេះហើយបានជាគេត្រូវការគាត់។

តារាកំប្លែងជើងចាស់ រូបនេះ ថ្លែងថា “រ័ត្ន រចនា ឬ ”មេម៉ាយសប្បាយចិត្ត” ចូលក្រុមតន្រ្ដីរបស់ខ្ញុំតាំងពីពេលដែលគាត់ល្បីហ្នឹងមកហើយគាត់ច្រៀងធ្វើឲ្យកម្មវិធីសប្បាយៗ និងអាចច្រៀងបទជាប់ៗគ្នាបាន ធ្វើឲ្យគេរាំសប្បាយ។ ខ្ញុំគិតថា គាត់ល្អ ព្រោះសំឡេងស្រដៀងអ្នកស្រីប៉ែន រ៉ន តែឥឡូវគាត់ឡើងថ្លៃជាងគេ ក្នុងក្រុមតន្រ្ដីរបស់ខ្ញុំ ។ ខ្ញុំនៅតែយកគាត់អ៊ីចឹង ព្រោះបើម្ចាស់កម្មវិធីគេតម្រូវឲ្យយកគាត់ បើគាត់ទារថ្លៃ យើងក៏ទារម្ចាស់កម្មវិធីតាមហ្នឹងដែរទៅ”។

នាយកុយ មិនបានប្រាប់តម្លៃខ្លួនរ័ត្ន រចនា ច្បាស់ទេ គ្រាន់តែបង្ហើបថា បើតារាចម្រៀងក្នុងក្រុមលោក ស៊ីថ្លៃ១០០ដុល្លារនោះ ”មេម៉ាយសប្បាយចិត្ត” ស៊ីថ្លៃ២០០ដុល្លាហើយ គឺមានន័យថា ថ្លៃលើសតារាចម្រៀងក្នុងក្រុម១ជា២។

នាយកុយ ក៏បានបង្ហើបឲ្យដឹងថា លោកបានបង្កើតអកកេស ”តន្ត្រីនាយកុយ” រយៈពេល៦ឆ្នាំមកហើយ គឺតម្លៃតន្រ្ដីរបស់លោកថ្លៃចាប់ពី២៥០០ទៅ៣៥០០ដុល្លារ ក្នុងមួយកម្មវិធី។ ប៉ុន្ដែបើម្ចាស់កម្មវិធីមង្គលការតម្រូវយកកាត់សក់ ភ្លេងខ្មែរ គឺថ្លៃរហូតទៅដល់៦ទៅ៧ពាន់ដុល្លារ ហើយបើយកទាំងសម្អាងការទៀត ថ្លៃដល់ជាង១ម៉ឺនដុល្លារ ក៏មានដែរ។

ចំពោះអាជីពកំប្លែងវិញ លោកជួងជី ហៅនាយកុយ ក្រោយផ្អាកនៅ CTN រយៈពេលជាង១ឆ្នាំនោះ បានវិលត្រឡប់មកវិញក្នុងកម្មវិធី ”សោភ័ណ្ឌតន្ត្រី” ដែលជាកម្មវិធីចាស់ ”មន្ដស្នេហ៍សំនៀង” ហើយតារាប្រឡូកក្នុងសិល្បៈជាង២ទសវត្សនេះ ក៏សម្ដែងនៅទូរទស្សន៍ហង្សមាស និងបាយ័ន ផងដែរ។ យ៉ាងណា នាយកុយ បញ្ជាក់ថា ទោះជាលោកជោគជាំជាមួយអាជីពកំប្លែងមែន តែក៏មិនពឹងផ្អែកលើអាជីពនេះទាំងស្រុងដែរ ទើបបង្កើត ”តន្រ្ដីនាយកុយ” នេះឡើង​ដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ៕

RELATED ARTICLES