ភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២៧១ ចំណុចមុខផ្ទះសំណាក់យីហោ ហ្គ្រីនផាក ស្ថិតក្នុងភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
តាមសម្តីរបស់យុវជនរងគ្រោះដែលសុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាក PCX បានមកទាក់ទងសង្សាររបស់ខ្លួន ឱ្យទៅដេកជាមួយមិត្តភក្តិរបស់គេ ដែលជាជនដៃដល់ តែសង្សាររបស់ខ្លួនបានប្រកែក មិនព្រមទៅជាមួយទេ ព្រមទាំងបញ្ជាក់ប្រាប់វិញថា នាងមានសង្សារហើយ។
ជនរងគ្រោះ បន្តថា តាមពិត ជនដៃដល់ខាងលើ ធ្លាប់តាមស្រលាញ់នារីជាសង្សារគេ ជាយូរមកហើយ និងចេះតែបបួលនាងទៅដេករហូត ប៉ុន្តែនារីជាសង្សាររបស់គេមិនព្រម តែងប្រកែកជាប់ជានិច្ច ថានាងមានសង្សារហើយ។
យ៉ាងណាក្តី ជនដៃដល់នៅតែមិនចោលគំនិតតាម សុំស្រីស្នេហ៍របស់គេរួមរ័កនោះឡើយ រហូតដល់ចុងក្រោយ នៅវេលាម៉ោងកើតហេតុខាងលើ ដោយសារតែខឹងនឹងនាងប្រកែក ក៏ស្រាប់តែជនដៃដល់ បានបើករថយន្តម៉ាកឡិចស៊ីស RX-៣៣០ ពណ៌ស មិនចាំស្លាកលេខ មកឈប់នៅមុខផ្ទះសំណាក់ខាងលើ រួចក៏ចុះដើរសំដៅមករូបគេ ហើយបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក វ៉ៃមកលើរូបគេជាជនរងគ្រោះ ២-៣ស្នាប់កាំភ្លើង បណ្តាលឱ្យរយះក្បាលឈាមហូរស្រោចខ្លួនតែម្តង។ បន្ទាប់ពីបង្កហេតុរួច ជនដៃដល់ រួមជាមួយមិត្តភក្តិ បានបើករថយន្ត និងម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះទៅដល់ប៉ុស្តិ៍នគរបាល ជនរងគ្រោះបានសុំសមត្ថកិច្ចទៅព្យាបាលរបួសនៅមន្ទីរពេទ្យសិន ព្រោះហូរឈាមច្រើនពេក ដូចជាវិលមុខខ្លាំងណាស់ រង់ចាំព្រឹកឡើងចាំមកដាក់បណ្តឹងវិញ៕