ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខព្រលានយន្តហោះអន្តជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះចឹក សារុម អាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិអំពិលក្តារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកនារីជាគូស្នេហ៍ដែលរួមដំណើរជាមួយ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១០០ (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-9818។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជាគូស្នេហ៍ ខាងលើ បានជិះម៉ូតូដឹកគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏មានក្មេងស្ទាវ១ក្រុម បានជិះម៉ូតូប្រដេញតាមវាយ ជាហេតុធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោ ក៏ព្យាយាមបន្ថែមល្បឿនបំណងគេចខ្លួន តែអកុសល ជិះគេចពីម៉ូតូកង់បីមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីមួយគ្រឿងទៀត ចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ចំណែកនារីជាសង្សារដែលជិះពីក្រោយ រងរបួសស្រាល ប៉ុន្តែដោយសាររន្ធត់ពេក ក៏សន្លប់បាត់មាត់បាត់ក។ ដោយឡែកក្រុមក្មេងស្ទាវ បាននាំគ្នាជិះម៉ូតូចែកផ្លូវគ្នា គេចខ្លួនអស់។
ក្រោយកើតហេតុ រថយន្តសង្គ្រោះរបស់សម្ភពរស្មី បានមកដឹកជនរងគ្រោះដែលរងរបួសធ្ងន់ បំណងយកទៅ សង្គ្រោះភ្លាមៗដែរ តែអកុសល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេញ ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ តាមផ្លូវ ទើបរថយន្តសង្គ្រោះបានដឹកសពជនរងគ្រោះ ត្រឡប់មកទីតាំងកន្លែងកើតហេតុវិញ។
ដោយឡែកនារីជាសង្សារដែលរួមដំណើរជាមួយជនរងគ្រោះ បន្ទាប់ពីដួលសន្លប់បាត់ស្មារតីមួយសន្ទុះ ក៏បានដឹងខ្លួនឡើងវិញ រួចក៏បាន គេចខ្លួនចេញបាត់ពីកន្លែងកើតហេតុតែម្តង៕