Tuesday, January 21, 2025
Homeព័ត៌មានជាតិមើលមុខគ្មានឃាតករ នៅតែញញឹមស្រស់ ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន

មើលមុខគ្មានឃាតករ នៅតែញញឹមស្រស់ ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន

ខេត្តស្វាយរៀង៖ ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងតាំងពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨មកម៉្លេះ ប៉ុន្តែទើបនឹងកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកូនខ្ទមស្នាក់នៅរបស់លោកយាយរងគ្រោះ ស្ថិតក្នុងភូមិឫស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍។ លុះមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចក៏ស្រាវជ្រាវបំបែកសំណុំរឿង និងឈានដល់ការចាប់ខ្លួនជនសង្ស័យជាឃាតករដៃឆៅ នាំយកមកសាកសួរ។

ជនរងគ្រោះមានឈ្មោះ ចាប ប៉ាកស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកូនខ្ទម។ ចំណែកជនសង្ស័យមានឈ្មោះទួច នួច អាយុ៣៣ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំជាមួយគ្នា។

លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានសេចក្តី រាយការណ៍ខាងលើ កម្លាំងប៉ុស្តិ៍ សហការជាមួយខាងជំនាញស្រុក និងខេត្ត បានចុះដល់ទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យ និងធ្វើកោសល្យ វិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារអំពើឃាតកម្មអារកសម្លាប់ ដោយជនរងគ្រោះមានស្លាកស្នាមអារកនឹងកាំបិត។ តាមការសន្និដ្ឋាន ជនរងគ្រោះអាចត្រូវឃាតករចូលទៅអារកសម្លាប់តាំងពីពាក់កណ្តាលយប់មកម៉្លេះ។

ចំណែកនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញលុយខ្មែរ២៣៤០០០រៀល លុយដុល្លារ៦៥ដុល្លារ លុយវៀតណាម១លាន៤សែនដុង និងទូរស័ព្ទ១គ្រឿងផងដែរ។

លោកស្នងការរង បន្តថា បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសព ដឹងថាជាអំពើឃាតកម្មរួចហើយកម្លាំងជំនាញ បានបើកការស៊ើប អង្កេតស្រាវជ្រាវតាមជំនាញភ្លាមៗ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចក៏ឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យ ជាឃាតករបាន និងបាននាំខ្លួនឈ្មោះទួច នួច យកមកសាកសួរនៅការិយាល័យជំនាញខេត្ត។

លោកស្នងការរង បានបញ្ជាក់ថា ឆ្លងកាត់ការសាកសួរចម្លើយអស់រយៈពេលជាង១ម៉ោង ទើបជនសង្ស័យឈ្មោះទួច នួច ព្រមឆ្លើយ សារភាពថា ខ្លួនពិតជាយកកាំបិតអារកសម្លាប់ជនរងគ្រោះ ប្រាកដមែន ព្រោះខឹងនឹងជនរងគ្រោះ ដែលចេះតែជេរដៀលរូបគេកន្លងមក តែខ្លួនពុំបានយកសម្ភារៈ ឬទ្រព្យសម្បត្តិអ្វីទេ ព្រោះយប់ងងឹតពេក។ រីឯកាំបិតធ្វើសកម្មភាព នោះខ្លួនយកទៅបោះចោលក្នុងទឹកស្រះក្រោយផ្ទះរបស់ខ្លួន។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។ បន្ទាប់មកនៅល្ងាចថ្ងៃដដែលនោះ លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន រង់ចាំបើកសវនាការជំនុំជំរះនៅពេលក្រោយ៕

RELATED ARTICLES