Tuesday, January 21, 2025
Homeព័ត៌មានជាតិលឿនឡើងស្ថាប័នពាក់ព័ន្ធទាំងអស់ ការទាមទាររបស់ពួកគាត់មានក្នុងច្បាប់

លឿនឡើងស្ថាប័នពាក់ព័ន្ធទាំងអស់ ការទាមទាររបស់ពួកគាត់មានក្នុងច្បាប់

ខេត្តកណ្តាល ៖ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកប៉ាវ ស៊ីណា បានបង្ហោះសារមួយថា “បងប្អូនកម្មករនិយោជិតនៃរោងចក្រកាត់ដេរ ប្រេស្ទីច នៅតែបន្តធ្វើកូដកម្ម។ ខ្ញុំសូមស្នើឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវពន្លឿនការចុះដោះស្រាយ ជូនបងប្អូនកម្មករ ខណៈការទាមទាររបស់ពួកគាត់ សុទ្ធសឹងតែមាននៅក្នុងច្បាប់។ ម៉្យាងទៀត ស្ថាប័នពាក់ព័ន្ធ មិនគួរបណ្តែតបណ្តោយឱ្យអ្នកគ្រប់គ្រងរោងចក្រនេះ បំពានច្បាប់ និងរំលោភសិទ្ធិកម្មករ ស្រេចនឹងចិត្តនោះទេ…”។

គួរបញ្ជាក់ថា កម្មករ-កម្មការិនីរោងចក្រ ប្រេស្ទីចហ្គាមេន ប្រមាណជិត១០០នាក់ ស្ថិតនៅភូមិជីមៅ ឃុំត្បែង ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ បាននាំគ្នាធ្វើកូដកម្មមុខរោងចក្រ ដើម្បីទាមទារឱ្យថៅកែ ទទួលយកថ្នាក់ដឹកនាំសហជីព ដែលជាតំណាងពួកគេចូលធ្វើការវិញ បន្ទាប់ពីបញ្ឈប់ការងារនាពេលកន្លងមក។

បើតាមកម្មករដែលធ្វើកូដកម្ម នៅមុខរោងចក្របានប្រាប់ថា ក្រៅពីបញ្ឈប់ការងារ ដោយគ្មានហេតុផល ភាគីរោងចក្រក៏បានបង្ខិតបង្ខំ កេងប្រវ័ញ្ច និងដាក់សម្ពាធមកលើក្រុមកម្មករសព្វបែបយ៉ាង។

កម្មករដដែលនេះបន្តថា រហូតមកដល់រសៀល ថ្ងៃដដែលនេះ នៅមិនទាន់មានការអន្តរាគមន៍ ពីភាគីពាក់ព័ន្ធ ជាពិសេស មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល នៅឡើយទេ។

លក្ខខណ្ឌការងារទាំង១០ចំណុចនោះ ដែលក្រុមកម្មករកំពុងទាមទារ

រួមមាន

១-សូមឱ្យក្រុមហ៊ុនទទួលយកលោកហួន សុវ៉ិត ប្រធាន សហជីពចលនាកម្មករ ប្រចាំរោងចក្រចូលធ្វើការវិញ

២-ក្រុមហ៊ុនត្រូវធ្វើកាតបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឱ្យកម្មករ-កម្មការិនី

៣-ក្រុមហ៊ុនមិនត្រូវកាត់លុយ នៅពេលកម្មករដាក់ច្បាប់កន្លះថ្ងៃ ហើយមិនត្រូវកាត់លុយថ្លៃបាយកន្លះខែនោះទេ

៤-នៅពេលកម្មករឈឺមាន សំបុត្រពេទ្យត្រឹមត្រូវ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលដដែល

៥-នៅពេលកម្មករមានធុរៈចាំបាច់ ក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ

៦-ក្រុមហ៊ុនមិនត្រូវបង្ខិតបង្ខំកម្មករធ្វើការលើសពីសមត្ថភាព

៧-ក្រុមហ៊ុនត្រូវបើកប្រាក់ថ្លៃបាយរៀងរាល់មួយសប្តាហ៍ម្តង

៨-ក្រុមហ៊ុន ត្រូវប្តូរកិច្ចសន្យាពី២ខែ ទៅ៦ខែវិញ

៩-ក្រុមហ៊ុនមិនត្រូវបង្ខំកម្មករធ្វើការមុនម៉ោងជាដាច់ខាត

និង១០-ក្រុមហ៊ុនមិនត្រូវរើសអើងថ្នាក់ដឹកនាំ សហជីពចលនាកម្មករប្រចាំរោងចក្រ៕

RELATED ARTICLES