ខេត្តបន្ទាយមានជ័យ ៖ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ទីតាំងកែច្នៃកាត់ត ដំឡើងរថយន្តខុសច្បាប់ខាងលើ មានម្ចាស់ឈ្មោះសំ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសង្កាត់កើត ហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការឆ្មក់ចូលបង្ក្រាប ខាងលើនេះ ដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងទទួលផែន ប្រឆាំងបទល្មើស និងលោកសុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបន្តថា អំឡុងពេលចុះឆែកឆេរ ត្រួតពិនិត្យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកតូយ៉ូតា ឡិចស៊ីស RX-300 ពណ៌ខ្មៅ តភ្ជាប់រួច១គ្រឿង រថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ស តភ្ជាប់រួច១គ្រឿង រថយន្តម៉ាកតូយ៉ូតាហាយប៊្រីតឆ្នាំ២០០៧ ពណ៌ស្ករ ដាច់ជាពីរ មិនទាន់ភ្ជាប់១គ្រឿង ក្បាលរថយន្ត ម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ គ្មានតួ១គ្រឿង រថយន្តម៉ាកលុចស៊ីស RX-300 ពណ៌បៃតង១គ្រឿង តំឡើងរួច មិនទាន់ដាក់ពូកកៅអី និងដកហូតសម្ភារៈពាក់ព័ន្ធ នឹងការតំឡើងរថយន្តមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាឫទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានបញ្ជាក់ ប្រាប់ថា ក្នុងកិច្ចការងារដែលកម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងកែច្នៃរថយន្តខុសច្បាប់ខាងលើនេះ គឺអនុវត្តតាមបទបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការបង្កាទប់ស្កាត់នៃការនាំចូលរថយន្តគេចពន្ធ ខុសច្បាប់ ក្នុងរូបភាពនាំចូលរថយន្តអេតចាយកាត់ជាពីរទៅបីកំណាត់ និងយកតំឡើងខុសបច្ចេកទេសដែល ការយកទៅប្រើប្រាស់រថយន្ត កាត់តគ្មានបច្ចេកទេសត្រឹមត្រូវ វាប្រឈមបញ្ហាគ្រោះថ្នាក់អាយុជីវិត ប្រជាពលរដ្ឋ៕