ភ្នំពេញ ៖ បុរសគិតខ្លី ដែលចងកធ្វើអត្តឃាត បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកក្នុងបន្ទប់ជួលស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ មានឈ្មោះរ៉ែន សាក់ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះសុខ ស្រីល័ក្ខ អាយុ២៨ឆ្នាំ និងមានកូនចំនួន២នាក់ក្នុងបន្ទប់។ ក្រុមគ្រួសារមួយនេះ សព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធនាង រួមរស់នឹងគ្នា ដោយស្រឡាញ់ចិត្តនិងចិត្ត មិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់។ គិតមកដល់សព្វថ្ងៃ ពួកនាង២នាក់ប្តីប្រពន្ធ រួមរស់នឹងគ្នាដោយគ្មានខាន់ស្លាអស់រយៈពេល៤ឆ្នាំមកហើយ និងបង្កើតបាន កូនប្រុស២នាក់ជាចំណងនិស្ស័យ ដោយក្នុងនោះ កូនប្រុសច្បងទើបនឹងអាយុ១ខួប ចំណែកកូនប្រុសពៅ ទើបនឹងកើតបាន២៥ថ្ងៃប៉ុណ្ណោះ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា ដំបូងឡើយពួកនាងរួមរស់នឹងគ្នាចុះសម្រុងល្អណាស់ ចំណែកប្តីក៏ស្រលាញ់ថ្នាក់ថ្នមនាង ប្រឹងរកប្រាក់ដើម្បីគ្រួសារ មិនដែលមានគំនិតបែកឆ្វេងឡើយ។ តែកន្លងមក ពួកនាងរួមរស់មិនមានកូនសោះ ស្រាប់តែពេលមាន ក៏ផ្ទួនៗគ្នាតែម្នាក់ ដោយកូនច្បងទើបនឹងអាយុ១ខួប ស្រាប់តែសម្រាលកូនទី២បាន២៥ថ្ងៃទៀត។
ស្ត្រីជាប្រពន្ធរូបនេះ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ប្តីនាងហាក់បែកគំនិត លែងសូវគិតគូរពីប្រពន្ធកូន ចេះតែដើរផឹកស៊ី និងវក់លេងល្បែង បង្ហិនលុយកាក់ដែលរកបានគ្មានសល់ ទើបធ្វើឱ្យពួកនាងចេះតែមានរឿងរកាំរកូស ជួបមុខគ្នាតែងកើតមានជំលោះជាញឹកញាប់។
នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ប្តីរបស់នាងបានចេញទៅលេងល្បែងបាត់ពេញ១យប់ រហូតមកដល់វេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ទើបលេចមុខចូលផ្ទះវិញ ទើបធ្វើឱ្យនាងខឹងសម្បា ក៏ស្តីបន្ទោសប្តី២-៣ម៉ាត់ទៅ រួចក៏កើតមានទំនាស់ពាក្យសម្តីគ្នាមួយប៉្រាវ។ បន្ទាប់ពីទាស់សម្តីរួច ប្តីរបស់នាងក៏ចូលទៅសម្ងំក្នុងបន្ទប់ទឹកបាត់ ចំណែកនាងនឹកស្មានថាប្តីចូលទៅងូតទឹករៀបចំខ្លួនចេញទៅ ធ្វើការសំណង់ ទើបមិនចាប់អារម្មណ៍។ លុះក្រោយពេលប្តីចូលបន្ទប់ទឹកយូរពេក ធ្វើឱ្យនាងនឹកឆ្ងល់ ក៏ដើរទៅគោះទ្វារហៅ តែមិនលឺសំឡេងឆ្លើយសោះ ទើបនាងបានស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយទម្លាយទ្វារបន្ទប់ទឹកចូលទៅមើល ស្រាប់តែប្រទះឃើញប្តីបានចងក ក៏ប្រញាប់កាត់ខ្សែ ចំណង រួចដឹកបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច បញ្ជាក់ប្រាប់ថា ប្តីរបស់នាង បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់មកវិញ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕