ខេត្តកណ្តាល ៖ នារីចិត្តខ្លាំងគំនិតខ្លី ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងត្បូងស្ពានព្រែកសំរោងប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ព្រោះតែតូចចិត្តនឹងរឿងម្តាយជេរស្តីតិចតួចនេះ មិនត្រូវបានបង្ហើបឱ្យដឹងពីឈ្មោះរបស់ខ្លួននោះទេ គ្រាន់តែប្រាប់ថា នាងមានអាយុ១៩ឆ្នាំ មុខរបរជាជាងអ៊ុតសក់ មានលំនៅក្នុងក្រុងតាខ្មៅ។
តាមសម្តីនារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ពោលគឺកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នាងត្រូវបានម្តាយជេរស្តីបន្ទោសពីរឿងមិនសូវនៅផ្ទះ ពេលនោះ នាងក៏មិនបានតបតអ្វីទៅកាន់ម្តាយវិញដែរ ដោយគ្រាន់តែតូចចិត្តនឹងខ្លួនឯងប៉ុណ្ណោះ។ បន្ទាប់មក នៅវេលាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដោយសារតែនាងចេះតែគិតពិចារណាទៅនឹងសម្តីម្តាយដែលបានស្តីបន្ទោសនាងនោះ ជាហេតុធ្វើឱ្យនាង កាន់តែខឹងនឹងខ្លួនឯងខ្លាំងឡើង រហូតដល់ទ្រាំលែងបាន ក៏បែកគំនិតចង់គិតខ្លីសម្លាប់ខ្លួន។
នារីខាងលើបន្តថា លុះមកដល់វេលាម៉ោង៩និង២០នាទីយប់ថ្ងៃដដែល នាងក៏បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកសំរោង តែដោយសារនាងចេះហែលទឹក ទើបមិនលិចចូលទឹកលង់ស្លាប់ បែរជាអណ្តែតតាមខ្សែទឹកទៅខាងត្បូងស្ពាន ចំងាយប្រមាណ៣០០ម៉ែត្រ ធ្វើឱ្យនាងភ័យខ្លួន ក៏ព្យាយាមស្រែកហៅគេឱ្យជួយ ទើបភ្លាមនោះ មានប្រជាពលរដ្ឋនៅក្បែមាត់ទន្លេលឺសូរសំឡេង ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះជួយអន្តរាគន៍ ស្រង់នាងឡើងលើគោកតែម្តង។
ប្រភពបន្តថា ក្រោយពីស្រង់នារីខាងលើ មកដល់លើគោករួចហើយ សមត្ថកិច្ចក៏នាំនាងមកសួរនាំនៅប៉ុស្តិ៍ នគរបាល ទើបដឹងថា នារីរងគ្រោះពិតជាមានបំណងលោតទឹកសម្លាប់ខ្លួនមែន ដោយសារតូចចិត្តនឹងរឿងម្តាយស្តីបន្ទោសតិចតួច តែពេលលោតចុះពីលើស្ពានព្រែកសំរោង មិនលិចចូលទឹកស្លាប់នោះទេ ដោយសារនាងចេះហែលទឹក ហើយក៏ស្រែកហៅគេឱ្យជួយតែម្តង ព្រោះនឹកឃើញលែងចង់ស្លាប់វិញ៕