ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីចំនួន៣៧នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីធុំក្លិនឈ្ងៀម ចេញពីសម្ភារៈ និងស្បែកដែលឆេះ និងត្រូវបានខាងរោងចក្រ ឱ្យរថយន្តកុងតឺន័រមកដឹកយកចេញ ដែលហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងបរិវេណរោងចក្រ យីងហ្គង់ ផលិតស្បែកជើង ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី។
តាមប្រភពពីតំណាងរោងចក្រ ក្រុមកម្មករដែលបានដួលសន្លប់ មានចំនួនសរុប៣៧នាក់ (ប្រុស៩ ស្រី២៨)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីសម្រាកហូបបាយ ថ្ងៃត្រង់រួចរាល់ ក្រុមកម្មករបាននាំគ្នាចូលបំពេញការងាររៀងៗខ្លួន។
ស្រាប់តែបន្តិចក្រោយមក ខាងរោងចក្រ ក៏បានឱ្យរថយន្តកុងតឺន័រ១គ្រឿង ចូលមកក្នុងរោងចក្រ ដើម្បីដឹកប្រមូលយកសម្ភារ និងស្បែក (សម្រាប់ផលិតស្បែកជើង) ដែលត្រូវភ្លើងឆេះ យកចេញទៅក្រៅរោងចក្រ ទើបធ្វើឱ្យក្លិនឈ្ងៀមបានជះភាយមកពេញក្នុងបរិវេណរោងចក្រ ជាហេតុធ្វើឱ្យក្រុមកម្មករទ្រាំនឹងក្លិនឈ្ងៀមមិនបាន ក៏ចាប់ផ្តើមដួលសន្លប់ជាបន្តបន្ទាប់ រហូតកើនដល់៣៧នាក់តែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីកើតហេតុការកម្មករដួលសន្លប់ភ្លាមៗ ខាងរោងចក្រ បានប្រញាប់ប្រញាប់ដឹកបញ្ជូនក្រុមកម្មករទៅកាន់មន្ទីរព្យេ ដើម្បីព្យាបាលភ្លាមៗដែរ៕