ភ្នំពេញ៖ ករណីឃាតករដៃឆៅ ចាប់អារកតាសន្តិសុខ ប្លន់យកម៉ូតូ១គ្រឿងទៅបាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តក្រាំងធ្នង់ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
បុរសរងគ្រោះ ដែលត្រូវចោរអារកសម្លាប់ប្លន់យកម៉ូតូ មានឈ្មោះនុត ចន្ថន អាយុប្រមាណ៦០ឆ្នាំប្លាយ មុខរបរជាសន្តិសុខឯកជន ក្រុមហ៊ុន PHONIX យាមប្រចាំការនៅបុរីភ្នំពេញ និងស្នាក់នៅផ្ទះជួលម្តុំខាងក្រោយប៉ុស្តិ៍នគរបាលទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ចំណែកម៉ូតូរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥។
តាមប្រភពពីបុរសម្នាក់ស្នាក់នៅជិតកន្លែងកើតហេតុ បានឱ្យដឹងដោយសុំមិនបញ្ចេញឈ្មោះថា នៅមុនពេលកើតហេតុ គាត់បានលឺសំឡេងប្រតាយប្រតប់ នៅខាងមុខផ្ទះរបស់គាត់។ ដោយមានការសង្ស័យ គាត់ក៏បានចេញទៅមើល ខណៈពេលនោះ គាត់បានប្រទះឃើញបុរសរងគ្រោះខាងលើ ស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខឯកជន មានរបួសចំបំពង់ក និងមានឈាមហូរស្រោចពេញខ្លួន ដេកដួលនៅលើដីបាត់ទៅហើយ ទើបគាត់បានស្រែកឆោឡោ និងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសង្គ្រោះបន្ទាន់ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។
ប្រភពដដែលបន្តថា ភ្លាមៗនោះ បុរសរងគ្រោះ នៅអាចនិយាយបាននៅឡើយ ដោយប្រាប់គាត់ និងប្រជាពលរដ្ឋដែលចោមរោម មើលថា “គាត់ត្រូវបានចោរអាកប្លន់យកម៉ូតូទៅបាត់ហើយ”។ បុរសរងគ្រោះខាងលើបានប្រាប់បន្តទាំងហូរឈាមស្រោចខ្លួនថា “គាត់ជាសន្តិសុខឯកជន និងស្នាក់នៅម្តុំខាងក្រោយប៉ុស្តិ៍ទឹកថ្លា មុនពេលកើតហេតុគាត់ បានជិះម៉ូតូចេញពីកន្លែងយាម នៅបុរីភ្នំពេញ (មិនបានបញ្ជាក់ថានៅម្តុំណាទេ) រួចក៏ឆ្លៀតរត់ឌុបបន្ថែម ហើយក៏បានឌុបបុរសម្នាក់ដែលជាជនសង្ស័យ លុះឌុបមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ធ្វើសកម្មភាពយក កាំបិតមកអារកគាត់ប្លន់យកម៉ូតូទៅបាត់តែម្តង”។
ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងមានរថយន្តសង្គ្រោះបន្ទាន់បានចុះមកដល់កន្លែងកើតហេតុភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសត្រង់បំពង់ករបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរ និងមានឈាមហូរច្រើនខ្លាំងពេក ទើបធ្វើឱ្យជនរងគ្រោះខ្សោះឈាមស្លាប់ នៅនឹងកន្លែង យ៉ាងអាណោចអាធ័មបំផុត។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានសុំធ្វើការឆែកតាមរយៈកាមេរ៉ាសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋ នៅចំណុចកើតហេតុ និងបានប្រទះឃើញថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៥ មានឌុបបុរសម្នាក់ដែលជាជនសង្ស័យ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ជនរងគ្រោះក៏បានបន្ថយល្បឿនរៀបឈប់ ខណៈនោះជនសង្ស័យដែលអង្គុយពីក្រោយបានយកកាំបិតទៅអារកបុរសរងគ្រោះ ហើយច្រានជនរង គ្រោះទម្លាក់ពីលើម៉ូតូ រួចជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួន ហើយភ្លាមៗនោះ គេឃើញជនរងគ្រោះ បានព្យាយាមតោងកាង ម៉ូតូរបស់ ខ្លួនបណ្តាលឱ្យអូសតាមម៉ូតូប្រមាណជិត១០ម៉ែត្រ ទើបរបូតដៃ ហើយជនសង្ស័យក៏បន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង៕