Tuesday, January 21, 2025
Homeព័ត៌មានជាតិថោកែទ្រេតទ្រោតទៅហើយ នាំស្រីឡើងផ្ទះសំណាក់ ស្លាប់លើបង្គង ខាងស្រីរត់បាត់

ថោកែទ្រេតទ្រោតទៅហើយ នាំស្រីឡើងផ្ទះសំណាក់ ស្លាប់លើបង្គង ខាងស្រីរត់បាត់

ខេត្តសៀមរាប ៖ ករណីថៅកែហាងនំខួបកំណើត នាំស្រីស្នេហ៍ឡើងផ្ទះសំណាក់រួមរ័ក រហូតដល់ស្លាប់លើបង្គងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោ សែនសុខ មានទីតាំងស្ថិតក្នុង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បុរសរងគ្រោះដែលស្លាប់លើបង្គង មានឈ្មោះជួន សំបូរ អាយុ៣១ឆ្នាំ មុខរបរបើកហាងលក់នំខួបកំណើត បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងមានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។

តាមប្រភពពីបុគ្គលិកផ្ទះសំណាក់សែនសុខ ដែលជាទីតាំងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គេឃើញជនរងគ្រោះខាងលើ បាននាំនារីវ័យក្មេងម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ចូលមកជួលបន្ទប់ ស្នាក់នៅដោយខាងប្រុស (ជនរងគ្រោះ) មើលទៅហាក់មានសភាពស្រវឹងទ្រេតទ្រោតទៅហើយ។ បន្ទាប់ពីបុគ្គលិកផ្ទះសំណាក់ហុចសោឱ្យហើយ ជនរងគ្រោះក៏បានដឹកដៃស្រីស្នេហ៍វ័យក្មេងរូបនោះចូលទៅសម្ងំក្នុងបន្ទប់បាត់ទៅ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ថ្ងៃដដែល ស្រាប់តែឃើញខាងស្រីបានចុះមកប្រាប់បុគ្គលិកផ្ទះសំណាក់ទាំងត្រហេបត្រហបថា ឡើងទៅជួយមើលជនរងគ្រោះផង ព្រោះជនរងគ្រោះមានអាការមិនសូវស្រួលទេ ភ្លាមនោះ បុគ្គលិកផ្ទះសំណាក់ ក៏ប្រញាប់នាំគ្នាឡើងទៅមើលជនរងគ្រោះភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ចំណែកនារីជាស្រីស្នេហ៍ ក៏បានគេចខ្លួនបាត់ទៀត។

តាមការសង្ស័យ បុរសរងគ្រោះទំនងជាស្រវឹងស្រាខ្លាំងពេក ទើបពេលរួមរ័កជាមួយស្រីស្នេហ៍ បណ្តាលឱ្យ គាំងបេះដូងស្លាប់លើបង្គងតែម្តង។

ក្រោយកើតហេតុ ខាងផ្ទះសំណាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ និងរាយការណ៍បន្តប្រាប់ខាងជំនាញ ឱ្យចុះមកពិនិត្យតែម្តង។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង (ស្លាប់លើបង្គង) មូលហេតុ ដោយសារតែជនរងគ្រោះផឹកស្រាស្រវឹងហើយនាំស្រីមករួមរ័ក លុះពេលមានអារម្មណ៍ស្រើបស្រាលខ្លាំង បណ្តាលឱ្យគាំង បេះដូងស្លាប់បែបនេះតែម្តង៕

RELATED ARTICLES