ខេត្តរតនគិរី៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង០៩នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងត្បូងបឹងកន្សែង ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបាលុង។
យុវជនរងគ្រោះ ដែលត្រូវគេលបបាញ់ប្រហារប៉ងសម្លាប់ តែសំណាងល្អ គ្រាន់តែរងរបួសធ្លាយភ្លៅ មានឈ្មោះនឿន វីរ៉ា អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិតាអងប៉ុក ឃុំតាអង ស្រុកកូនមុំ។ ចំណែកជនដៃដល់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក និងស្លាកលេខ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង មកឈប់នៅចំណុចក្បែរសួន ខាងត្បូងបឹងកន្សែង ដែលមានមនុស្សម្នាក់យ៉ាងច្រើនកុះករ អង្គុយលេងរង់ចាំឆ្លងឆ្នាំថ្មី។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខជនសង្ស័យខាងលើ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក និងស្លាកលេខ បានជិះមកឈប់ក្បែរជនរងគ្រោះ បន្ទាប់មកក៏ទាញអាវុធកែច្នៃ មកបាញ់ប្រហារទៅលើជនរងគ្រោះប៉ងផ្តាច់យកជីវិតតែម្តង តែសំណាងល្អគ្រាប់ហៅមិនចំគោលដៅ បែរជាត្រូវចំភ្លៅខាងស្តាំ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយភ្លាមនោះជនដៃដល់ បានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត លុះក្រោយពេលក្រុមគ្រូពេទ្យជំនាញ ធ្វើការវះកាត់មុខរបួស ក៏ប្រទះឃើញមានគ្រាប់កង់១គ្រាប់បៀមជាប់នឹងភ្លៅ ដែលអាចបញ្ជាក់បានថា អាវុធច្នៃដែលជនដៃដល់ប្រើប្រាស់ ជាប្រភេទអាវុធកែច្នៃបាញ់គ្រាប់កង់៕