Tuesday, January 21, 2025
Homeព័ត៌មានជាតិភ្លេចទូរស័ព្ទ វិលមកវិញជាប់ខ្នោះសមត្ថកិច្ច ព្រោះតែស្រាយគំនុំចាស់

ភ្លេចទូរស័ព្ទ វិលមកវិញជាប់ខ្នោះសមត្ថកិច្ច ព្រោះតែស្រាយគំនុំចាស់

ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខអគាររបស់កម្មករចម្ការអំពៅស្នាក់នៅស្ថិតក្នុងភូមិ១០ ឃុំវ៉ាំងយិន ស្រុកវ៉ាំយិន ខេត្តស្រះកែវ ប្រទេសថៃ។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃដដែល ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាន។

ជនសង្ស័យជាឃាតកដៃឆៅ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះច័ន្ទ ប្រុស អាយុ២៩ឆ្នាំ ជាពលករកាប់អំពៅ ធ្វើការ និងស្នាក់នៅក្នុងចម្ការអំពៅ ស្ថិតនៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ ហូ សាំ អាយុ២៣ឆ្នាំ ជាពលករកាប់អំពៅ ធ្វើការ និងស្នាក់នៅជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចថៃ បានបញ្ជាក់ឱ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានចេញទៅអង្គុយផឹកកាហ្វេនៅខាងមុខអគារស្នាក់នៅ លុះពេលកំពុងផឹកកាហ្វេនោះ ដោយសារតែជនរងគ្រោះងងុយដេកពេក ទើបបានក្រាបដេកនៅលើតុមួយភាំង លុះឃើញសភាពបែបនេះ ជនសង្ស័យក៏ទាញយកកាំបិតកាប់អំពៅលបកាប់ប្រហារជនរងគ្រោះ១កាំបិត ចំកញ្ចឹងកពីចំហៀង បណ្តាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះស្លាប់ហើយ ជនដៃដល់បានព្យាយាមរត់គេចខ្លួន ដោយនាំយកទាំងកាំបិតទៅជាមួយផង។ បន្ទាប់មក ក្រុមតម្រួតថៃបានចុះមកពិនិត្យ ព្រមទាំងបានដាក់ពង្រាយកម្លាំង ដើម្បីស្ទាក់ចាប់មុខសញ្ញាឃាតករ យកទៅផ្តន្ទាទោសតាមច្បាប់។

ប្រភពខាងលើបញ្ជាក់ថា ក្រោយពីការស្រាវជ្រាយយ៉ាងសកម្មរហូតដល់ម៉ោង១១ថ្ងៃដដែល សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យបាន រួចនាំជនសង្ស័យទៅសាកសួរ និងចង្អុលបង្ហាញទីតាំង ដែលគេបានយកកាំបិតទៅលាក់ទុក គឺនៅចម្ងាយពីកន្លែងកើតហេតុប្រមាណ១០០ម៉ែត្រ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ បានសារភាពថា រូបគេពិតជាបានកាប់ប្រហារជនរងគ្រោះបណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុដោយសារតែរូបគេធ្លាប់មានគំនុំជាមួយជនរងគ្រោះ ដោយកន្លងមកពួកគេធ្លាប់មានជំលោះនឹងគ្នាជាច្រើនលើកច្រើនសារមកហើយ រហូតដល់ថ្ងៃកើតហេតុ ឃើញជនរងគ្រោះកំពុងដេកក្រាបនៅលើតុកាហ្វេ រូបគេក៏ទាញកាំបិតកាប់អំពៅ ទៅកាប់ចំកញ្ចឹងក បណ្តាលឱ្យស្លាប់តែម្តង រួចក៏រត់គេចខ្លួន តែរូបគេបានធ្វើដំណើរខុសផ្លូវ ដោយទិសដៅបម្រុងទៅរកសាច់ញាតិនៅឯស្រុកកាប៊ីនបុរី ក្នុងខេត្តច័ន្ទបុរី។ ដូច្នេះក៏វិល ត្រឡប់មកកន្លែងកើតហេតុវិញ បំណងចូលទៅយកទូរស័ព្ទ ដើម្បីទាក់ទងទៅសាច់ញាតិ តែចៃដន្យ ត្រូវតម្រួតថៃចាប់ខ្លួនបានតែម្តង៕

RELATED ARTICLES