ខេត្ដកណ្ដាល៖ មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩០ ម្នាក់ ងងឹតមុខ ខ្យល់គដួលស្លាប់ នៅក្នុងបរិវេនទីបញ្ជាការដ្ឋាន ស្ថិតក្នុងស្រុកអង្គស្នូល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣ និង៤៥នាទីទាបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឡុង សាវុធ អាយុ៥៦ឆ្នាំ ឋានៈជាឧត្តសេមនីយ៍ត្រី ។
បើតាមសាក្សីបានឲ្យដឹងថា នៅរសៀលម្សិលមិញនេះ ជនរងគ្រោះបានអង្គុយនៅសាឡុង ខាងមុខទីបញ្ជាការ ហើយនិយាយថា «ឈឺគ្រាប់ភ្នែក» មិនបានទៅហូបបាយទេ ក៏ចូលទៅសម្រាក ក្នុងបន្ទប់លុះដល់ម៉ោងខាងលើ ខ្លួនបានក្រោកមកបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពស្លាប់ផ្ងាកក្រោយ លើសួនច្បារ ខាងមុខទីបញ្ជាការស្លាប់បាត់ទៅហើយ ដោយមានក្រមា និងស្លៀកខោខ្លីជាប់នឹងខ្លួន។
លោក ឡុង សុផាន់ណា ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថាឪពុករបស់ខ្លួនមានជម្ងឺប្រចាំកាយ គឺលើសឈាមជាយូរឆ្នាំមកហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព ហើយបានបញ្ជាក់ថា សពជនរងគ្រោះសា្លប់ដោយសារខ្យល់គ ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ឯខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕
សិលា