Tuesday, January 21, 2025
Homeព័ត៌មានជាតិស្រីឈឺពោះឆ្លងទន្លេ គ្មានសូម្បីតែមធ្យោបាយដឹកបញ្ជូន ត្រូវ...

ស្រីឈឺពោះឆ្លងទន្លេ គ្មានសូម្បីតែមធ្យោបាយដឹកបញ្ជូន ត្រូវ…

ខេត្តរតនគិរី៖ ករណីកម្លាំងអាវុធហត្ថជួយសង្គ្រោះស្ត្រីឈឺពោះសម្រាលកូននេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិតេនសុះ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ។
ស្ត្រីមានផ្ទៃពោះ ដែលឈឺពោះសម្រាលកូនរូបនេះ មានឈ្មោះសល់ ម្យិច អាយុ២២ឆ្នាំ ជាជនជាតិច្រាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើ បានឈឺពោះសម្រាល ប៉ុន្តែដោយសារក្រុមគ្រួសារមានជីវភាពខ្វះខាត ទើបគ្មានលទ្ធភាព និងគ្មានសូម្បីតែមធ្យោបាយដឹកបញ្ជូនស្ត្រីរូបនេះ ទៅកាន់មន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យជួយសម្រាល។ ភ្លាមនោះ អ្នកជិតខាងក៏បានរាយការណ៍សុំអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងទាក់ទងទៅកាន់មណ្ឌលសុខភាព ដើម្បីសុំគ្រូពេទ្យមកជួយអន្តរាគមន៍ភ្លាមៗដែរ។

ប្រភពដដែលបន្តថា លុះក្រោយពេលបានទទួលដំណឹងខាងលើ លោកប្រធានការិយាល័យសុខាភិបាលស្រុកអូរយ៉ាដាវ បានទាក់ទងសុំ អន្តរាគមន៍ពីកម្លាំងអាវុធហត្ថស្រុក ដើម្បីចុះជួយដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

លោកអនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានបញ្ជាក់ឱ្យដឹងថា យោងតាមការស្នើរសុំរបស់ប្រធានការិយាល័យសុខាភិបាលស្រុកអូរយ៉ាដាវ លោកបានដឹកនាំកម្លាំងចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះ ដែលកំពុងឈឺពោះសម្រាល នៅចំណុចភូមិឃុំកើតហេតុខាងលើ រួចក៏ប្រញាប់ដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកបរកែវ ភ្លាមៗ៕

RELATED ARTICLES