ខេត្តកំពង់ស្ពឺ៖ ករណីបុរសចងកសម្លាប់ខ្លួនលើចុងដូង ព្រោះតែទាស់សម្តីជាមួយប្រពន្ធតិចតួចនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅចំណុចដើមដូង ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃឃ្លោយ ឃុំមហាឬស្សី ស្រុកគងពិសី។
បុរសចិត្តខ្លាំងគំនិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះអែម ស៊ាន អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា កន្លងមក ប្តីប្រពន្ធរបស់គាត់ ឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាខ្លាំងណាស់ តែប្តីមិនដែលមានគំនិតខ្លីបែបនេះឡើយ ទើបតែលើកនេះ មិនដឹងជាយ៉ាងម៉េច គ្រាន់តែឈ្លោះគ្នាតិចតួច ស្រាប់តែប្តីសម្រេចចិត្ត ចងកបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង។
ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ គាត់និងប្តី បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច (តែមិនប្រាប់ថាឈ្លោះគ្នារឿងអ្វីនោះទេ)។
លុះបន្ទាប់ពីឈ្លោះគ្នារួច ប្តីរបស់គាត់បានដើរចេញពីផ្ទះ ទៅប្រាប់ម្តាយក្មេក (ម្តាយបង្កើតរបស់គាត់ជាប្រពន្ធ) និងបងប្អូនថា “បន្តិចទៀតខ្ញុំនឹងចងកសម្លាប់ខ្លួនហើយ ក្នុងយប់ហ្នឹងតែម្តង…”។ យ៉ាងណា មិនមានអ្នកណា ម្នាក់ចាប់អារម្មណ៍នឹងសម្តីរបស់ប្តីគាត់នោះទេ ព្រោះនឹកស្មានថាគាត់និយាយលេង ឬគ្រាន់តែនិយាយឱ្យតែរួចពីមាត់ ខណៈដែលកំពុងមានកំហឹងប៉ុណ្ណោះ។
ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល ដោយមិនឃើញប្តីត្រឡប់មកផ្ទះវិញ គាត់ក៏ចេញដើរតាមស្វែងរក លុះពេលចេញទៅមើលនៅខាងក្រោយផ្ទះ ក៏ប្រទះឃើញប្តីរបស់គាត់ បានឡើងទៅចងកលើចុងដូង បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង៕