ខេត្តកណ្តាល ៖ ហេតុការណ៍បាក់ច្រាំងទន្លេ បណ្តាលឱ្យក្មេងប្រុសម្នាក់ធ្លាក់ចូលទឹកបាត់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល។
ក្មេងប្រុសដែលលិចចូលទឹកបាត់ខ្លួន មានឈ្មោះឃាន់ ម៉េងហេង អាយុ១៤ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យព្រែក ដំបង មានឪពុកឈ្មោះខុន សុឃាន់ អាយុ៣៩ឆ្នាំ ម្តាយឈ្មោះឡូញ គន្ធា អាយុ៣៩ឆ្នាំ និងមានលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល។
ចំណែកក្មេងប្រុស៣នាក់ទៀតដែលរួចផុតជីវិត រួមមាន ទី១-ឈ្មោះខា ចំរើន អាយុ១៧ឆ្នាំ មុខរបរកសិករ ទី២-ឈ្មោះសុចាន់ បូរី អាយុប្រហែល១៥ឆ្នាំ មុខរបរសិស្ស។ ក្មេងប្រុសទាំង២មានលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល និងទី៣-ឈ្មោះវង្ស សុជាតិ អាយុ ប្រហែល១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល។ រីឯច្រាំងទន្លេដែលទទួលរងការបាត់ស្រុត មានបណ្តោយ ប្រវែងប្រមាណ២០ម៉ែត្រ ជម្រៅប្រមាណ៧ម៉ែត្រ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកក្មេងប្រុសរងគ្រោះ រួមនឹងមិត្តភក្តិ តែងតែជិះកង់មកលេងកន្លែងកើតហេតុជាញឹកញាប់ ខណៈចេញពីរៀន។ លុះមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៩ព្រឹក ក្មេងប្រុសរងគ្រោះ រួមនឹងមិត្តភក្តិ២នាក់ ទៀត បាននាំគ្នាជិះកង់មករកមិត្តភក្តិឈ្មោះខា ចំរើន ដែលកំពុងកាច់ពោតជាប់ច្រាំងទន្លេស្រាប់។ លុះពេលមកដល់ ក៏នាំគ្នាចុះទៅឈរលេងនៅ លើច្រាំងទន្លេ ជាប់មាត់ទឹក។
លុះបន្តិចក្រោយមក ក៏នាំគ្នាយកជើងអង្រួនដីច្រាំងទន្លេលេង ដោយក្មេងប្រុសរងគ្រោះឈ្មោះ ឃាន់ ម៉េងហេង និងឈ្មោះសុចាន់ បូរី យកជើងអង្រុនដី និងយកឈើឆ្កឹះដីលេង ឯឈ្មោះខា ចំរើន និងវង្ស សុជាតិ ឈរនៅខាងក្រោយឈ្មោះឃាន់ ម៉េងហេង និងឈ្មោះសុចាន់ បូរី ស្រាប់តែរំពេចនោះ ច្រាំងទន្លេបានបាក់ស្រុត ចូលទៅក្នុងទឹកទន្លេ បណ្តាលឱ្យក្មេងប្រុសទាំង៤នាក់ ធ្លាក់ចូលក្នុងទឹកទន្លេទាំងអស់គ្នា ខណៈនោះក្មេងប្រុសឈ្មោះខា ចំរើន ឈ្មោះវង្ស សុជាតិ ព្រមទាំងឈ្មោះសុចាន់ បូរី បានស្រវ៉េស្រវ៉ាហែលឡើងមកលើគោករួចខ្លួន ដោយឡែកក្មេងប្រុសរងគ្រោះឈ្មោះឃាន់ ម៉េងហេង បានបាត់ខ្លួនទៅក្នុងច្រាំងទន្លេ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ធ្វើការរាវរកភ្លាមៗដែរ តែពុំទាន់រកឃើញនៅឡើយទេ៕