ភ្នំពេញ៖ ហេតុការណ៍ស្ត្រីខូចចិត្តប៉ុនប៉ងលោតពីលើស្ពានព្រះមុនីវង្សសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
ស្ត្រីដែលប៉ុនប៉ងបញ្ចប់ជីវិតដោយការលោតទឹកសម្លាប់ខ្លួននេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ ស្លៀករ៉ូបពណ៌ស និងពាក់អាវយឺតដៃវែងពណ៌សពីខាងក្រៅ។
តាមសម្តីបុរសជាអ្នកបើករ៉ឺម៉កម៉ូតូកង់បី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានហៅរឺម៉កម៉ូតូរបស់គាត់ជិះឪសំដៅឡើងស្ពានព្រះមុនីវង្សថ្មី ស្រាប់តែពេលធ្វើដំណើរមកដល់ពាក់កណ្តាលស្ពាន ស្ត្រីរូបនេះក៏ប្រាប់ឱ្យគាត់ឈប់ រួចក៏ចុះទៅឈរតោងបង្កាន់ដៃស្ពាន ជាហេតុធ្វើឱ្យគាត់នឹកក្នុងចិត្តសង្ស័យថា ស្ត្រីរូបនេះទំនងជាមានគំនិតខ្លីប៉ងសម្លាប់ខ្លួន ទើបចេះតែនៅចាំឃ្លាំមើល ដោយមិនទាន់ចេញទៅណាឆ្ងាយនោះទេ។
ប្រភពខាងលើបន្តថា ស្រាប់តែបន្តិចក្រោយមក ស្ត្រីរូបនេះពិតជាឡើងតោងបង្កាន់ដៃស្ពាន ប្រុងលោតចូលទឹកមែន ទើបគាត់ប្រញាប់ស្ទុះទៅចាប់ដៃស្ត្រីរងគ្រោះជាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរឈប់ចោមរោមមើល និងផ្អើលដល់អ្នកសារព័ត៌មានចុះមកព្រោងព្រាត ដើម្បីផ្តិតយករូបភាព ស្រាប់តែស្ត្រីរូបនោះបានខឹងសម្បាយ៉ាងខ្លាំងថា ហេតុអ្វីបានជាមកថតឡាយបែបនេះ ប៉ះពាល់ដល់កិត្តិយសរបស់នាងខ្លាំងណាស់។ លុះមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់បានជិះម៉ូតូមកដល់កន្លែងកើតហេតុ និងបានអះអាងថាជាប្តីរបស់ស្ត្រីខាងលើ រួចក៏ចាប់ ទាញដៃស្ត្រីរូបនោះឱ្យឡើងជិះម៉ូតូ ក៏ប៉ុន្តែស្ត្រីរូបនោះមិនព្រមឡើង ទើបធ្វើឱ្យបុរសដែលអះអាងថាជាប្តីរូបនេះ ខឹងសម្បាផង ខ្លាចខ្មាសគេផង ក៏ជិះម៉ូតូគេចពីកន្លែងកើតហេតុ ចុះពីលើស្ពានបាត់ស្រមោលតែម្តង៕