ខេត្តកំពត៖ ស្ត្រីមេម៉ាយវ័យក្មេងដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះប៉ាត់ មុំ អាយុ២១ឆ្នាំ ជាស្ត្រីម៉េម៉ាយ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ (ពូចិន) ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងមានស្រុកកំណើតនៅភមិអន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ស្ត្រីមេម៉ាយរូបនេះ បានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ខណៈដែលនាងបានធ្វើដំណើរទៅផ្សារកំពង់ត្រាច។
តាមសម្តីស្ត្រីឈ្មោះពេជ្រ យន អាយុ៤៤ឆ្នាំ ត្រូវជាម្តាយរបស់ស្ត្រីមេម៉ាយដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះប៉ាត់ មុំ នេះគឺជាស្ត្រីម៉េម៉ាយ រស់នៅក្នុងបន្ទុកគ្រួសារជាមួយគាត់ តែសព្វថ្ងៃកូនស្រីនេះ បានចេញមកធ្វើជាកម្មកររោងក្រកាត់ដេរ ពូចិន នៅស្រុកកំពង់ត្រាច។
ស្ត្រីជាម្តាយរូបនេះ បានបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ កូនស្រីរបស់គាត់ រួមនឹងប្អូនស្រីម្នាក់ទៀត បានជិះម៉ូតូដឹកគ្នាទៅផ្សារកំពង់ត្រាច តាំងពីពេលព្រឹក រហូតដល់ថ្ងៃត្រង់ កូនស្រីនេះបានឱ្យប្អូនស្រីជិះម៉ូតូមកផ្ទះមុន ចាំនាងមកវិញតាមក្រោយ ដោយខ្លួនឯង។ ក្រោយមក គាត់ចេះតែចាំមើលផ្លូវកូនស្រីរហូត ប៉ុន្តែមិនឃើញនាងត្រឡប់មកផ្ទះវិញសោះ ទើបប្រញាប់ចុចទូរស័ព្ទទៅកូនស្រីរបស់គាត់ តាមលេខ ០៩៦ ២១ ៥២ ៩៣៥ ដោយចុចម្តងចូល តែនាងមិនលើក ស្រាប់តែក្រោយមកទៀត ក៏លែងចុចចូលតែម្តង។
ស្ត្រីជាម្តាយ បានបញ្ជាក់ថា គាត់ពិតជាបារម្ភពីកូនស្រីម្នាក់នេះខ្លាំងណាស់ ព្រោះពេលបាត់ខ្លួនទៅនោះ នាងថែមទាំងបានពាក់គ្រឿង អលង្ការមួយចំនួនជាប់ខ្លួនផង។
ដោយសារតែតាមរកកូនស្រីអស់លទ្ធភាពនៅតែរកមិនឃើញ ហេតុនេះ ទើបនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ គាត់ក៏សម្រេចទៅប្តឹងសមត្ថកិច្ចស្រុកកំពង់ត្រាច ដើម្បីឱ្យជួយស្រាវជ្រាវរកកូនស្រីរបស់គាត់ដែលបាត់ខ្លួននេះតែម្តង៕