Tuesday, January 21, 2025
Homeព័ត៌មានជាតិស្ទាក់ចាប់ឡានដឹកឈើ អ្នករត់ការសុំបង់៦លាន សមត្ថកិច្ចបដិសេធ

ស្ទាក់ចាប់ឡានដឹកឈើ អ្នករត់ការសុំបង់៦លាន សមត្ថកិច្ចបដិសេធ

ខេត្តស្ទឹងត្រែង៖ រថយន្តដឹកឈើកែច្នៃខុសច្បាប់ (ទ្វារបង្អួច) ១គ្រឿង ដែលបានដឹកឈើចេញពីទំនប់វារីអគ្គិសនីសេសានក្រោម២ (បាតអាង) ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ចុះបង្ក្រាបបាន កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ 78A ស្ថិតក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ឈើដែលសមត្ថកិច្ចបង្ក្រាបនេះ បានដឹកចេញពីភូមិស្រែគរថ្មី ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែង និងកាត់ទំនប់វារីអគ្គិសនីសេសានក្រោម២ជារៀងរាល់យប់។ ឈើទាំងនោះ ត្រូវបានដឹកតាមរថយន្តសាំយ៉ុងក្នុង១យប់ ប្រមាណជិត១០ គ្រឿងឯណោះ ដែលមានម្ចាស់រថយន្តឈ្មោះហុង និងឈ្មោះវិន រួមជាមួយមេឈ្មួញឈ្មោះចែពុយ និងចែពៅ ជាអ្នករត់ការចេញពីទំនប់វារីអគ្គិសនី សេសានក្រោម២ ដែលបានឃុបឃិតគ្នាជាមួយប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវចេញពីបាតអាង។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីរថយន្តប្រមាណជា៤ទៅ៥គ្រឿងចេញពីទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានភ្នាក់ងារសមត្ថកិច្ចរាយ ការណ៍ថា មានរថយន្ត៥គ្រឿងរត់ឆ្លងកាត់តាមផ្លូវជាតិលេខ៧៨ កាត់ភូមិច្រប់តម្រង់ទៅកាន់តាមឡូ៤ កាត់តាមក្រុមហ៊ុន ចេញទៅតាមចំការ កៅស៊ូក្រុមហ៊ុនដុងណាយដុងហ្វូ ច្រកភ្នំខៀវ និងបន្តឆ្ពោះទៅកាន់ខេត្តក្រចេះ។

ទោះជាយ៉ាងណា ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ នៅក្នុងភូមិស្រែគរថ្មី ក្នុងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតែបន្តធ្វើ សកម្មភាពខុសច្បាប់ក្នុងការកាប់បំផ្លាញព្រៃឈើ យកមកកែច្នៃក្រោមការត្រូវរូវគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។

នៅក្នុងការបង្ក្រាបនេះដែរ ម្ចាស់រថយន្តដឹកឈើបានចេញមុខមកសម្របសម្រួលជាមួយសមត្ថកិច្ច ដោយសុំបង់ប្រាក់ចំនួន៦លានរៀល តែត្រូវសមត្ថកិច្ចបដិសេធ និងបានសម្រេចធ្វើការរឹបអូសរថយន្តដឹកឈើកែច្នៃខុសច្បាប់ យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ តែយ៉ាងណា សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកចេញមុខរត់ការនោះឡើយ៕

RELATED ARTICLES