ខេត្តក្រចេះ ៖ ករណីប្រុសចំណាស់ល្មោភកាមចាប់រំលោភក្មេងស្រីសតិមិនប្រក្រតីដល់ទៅ៣ដងនេះ បានកើតឡើងតាំងពីអំឡុងដើមខែធ្នូ ឆ្នាំ២០១៨មកម៉្លេះ នៅចំណុចឃុំព្រែកសាមាន់ ស្រុកឆ្លូង។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវស្ត្រីជាជីដូនក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យល្មោភកាមបាន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចិន គ្រី ហៅគីនីន អាយុ៥៣ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ៩ឆ្នាំប៉ុណ្ណោះ ជាជនជាតិខ្មែរ-ឥស្លាម មានសតិមិនប្រក្រតី សព្វថ្ងៃរស់នៅក្នុងបន្ទុកជីដូន ក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកក្មេងស្រីរងគ្រោះ បានរៀបរាប់ថា កាលពីអំឡុងរយៈពេលមួយខែមុន ជនសង្ស័យបានល្បួងនាងរំលោភបានសម្រេចជាបន្ត បន្ទាប់សរុប៣ដង។ ក្រោយពេលរំលោភនាងរួចម្តងៗ ជនសង្ស័យតែងច្របាច់កនាង រួចគំរាមសម្លាប់នាងចោល ប្រសិនបើនាងហ៊ានទម្លាយរឿងនេះប្រាប់អ្នកណា។
លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានបញ្ជក់ប្រាប់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាជីដូនក្មេង ស្រីរងគ្រោះរួចមក កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឆ្លូង បានចុះចាប់ខ្លួនជនសង្ស័យឈ្មោះចិន គ្រី ហៅគីនីន បាននៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ រួចក៏នាំមកកាន់អធិការដ្ឋាននគរបាល ស្រុកឆ្លូង ដើម្បីធ្វើការសាកសួរ ពេលនោះជនសង្ស័យឈ្មោះចិន គ្រី ហៅគីនីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី រងគ្រោះប្រាកដមែន តែមិនបានស៊ីជម្រៅ និងគ្រាន់តែប្រើដៃលូកស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះលេងតែប៉ុណ្ណោះ។
ទោះជាជនសង្ស័យខាងលើ ព្យាយាមឆ្លើយដោះសារ ដើម្បីសម្រាលបន្ទុកយ៉ាងណាក្តី ក៏សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕