Monday, January 20, 2025
Homeព័ត៌មានជាតិប៉េអឹមធាក់គេ១ជើង ស្មានថាមិត្តភក្តិ ឈ្លោះប្រកែកគ្នា សន្តិសុខចូលបំបែក១ដៃសន្លប់ឈឹង

ប៉េអឹមធាក់គេ១ជើង ស្មានថាមិត្តភក្តិ ឈ្លោះប្រកែកគ្នា សន្តិសុខចូលបំបែក១ដៃសន្លប់ឈឹង

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមករា នៅចំណុចមណ្ឌលកម្សាន្តឌីយ៉ាម៉ង់ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីអ្នករត់រ៉ឺម៉កម៉ូតូនៅមុខខារ៉ាអូខេខាងលើឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស៥នាក់ស្លៀកពាក់ស៊ីវិល តែគេដឹងថាជាមន្ត្រីអាវុធហត្ថ ជិះម៉ូតូ៣គ្រឿង ចូលទៅផឹកស៊ីក្នុងហាងខារ៉ាអូខេខាងលើ។ លុះពេលចេញមកវិញ តែនៅក្នុងបរិវេណខារ៉ាអូខេនៅឡើយ ដោយច្រឡំភ្ញៀវម្នាក់ ព្រោះស្មានថាជាមិត្តភក្តិរបស់ខ្លួន ក៏ធាក់លេងមួយជើង ធ្វើឱ្យភ្ញៀវម្នាក់នោះខឹងសម្បា ក៏ហៅមិត្តភក្តិរបស់ខ្លូន ដែលកំពុងផឹកស៊ីនៅខាងក្នុងមកជួយអន្តរាគមន៍។

ពេលនោះ មន្ត្រីអាវុធហត្ថម្នាក់បានសុំទោស និងប្រាប់ថា ដោយសារមានការយល់ច្រឡំ តែភ្ញៀវម្នាក់នោះនៅតែមិនព្រម និងបានកញ្ជ្រោលដាក់គ្នាទៅវិញទៅមក។

ប្រភពព័ត៌មានដដែលបន្តទៀតថា ដោយសារឃើញបែបនេះ សន្តិសុខនៅក្នុងខារ៉ាអូខេចូលទៅឃាត់ ហើយភាគីខាងមន្ត្រីអាវុធហត្ថ បានវាយសន្តិសុខខារ៉ាអូខ១ដៃ បណ្តាលឱ្យដួលរហូតសន្លប់ ជាហេតុធ្វើឱ្យសន្តិសុខផ្សេងទៀតមកជួយអន្តរាគមន៍ និងឈានដល់ការវាយតប់គ្នាទៅវិញទៅមក ។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យរងរបួសធ្ងន់ខាងអាវុធហត្ថចំនួន២នាក់ ចំណែកសន្តិសុខ៤នាក់ បានរងរបួសបែកមុខបែកមាត់ រីឯភាគីភ្ញៀវមួយក្រុមខាងលើ ក៏នាំគ្នាចេញបាត់អស់ទៅដែរ។
ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ដែលនៅជិតកន្លែងកើតហេតុ បានចុះអន្តរាគមន៍ភ្លាមៗដែរ តែភាគីទាំងសងខាងកំពុង ក្រពុលមុខ វាយតប់គ្នាមិនព្រមឈប់ ទើបសមត្ថកិច្ចសម្រេចផ្ទុះអាវុធចំនួន២គ្រាប់ បន្ទាប់មកក៏ឃាត់ភាគីទាំង២ និងវាយខ្នោះផងដែរ។ ក្រោយពីត្រូវសមត្ថកិច្ចប៉ុស្តិ៍ចាប់វាយខ្នោះបែបនេះ បានធ្វើឱ្យក្រុមមន្ត្រីអាវុធហតុដែលស្លៀកពាក់ខោអាវស៊ីវិលខឹងសម្បាយ៉ាងខ្លាំង ដោយសំអាង ថា ពួកគេក៏ជាសមត្ថកិច្ចដែរ ម៉េចបានជាមកដាក់ ខ្នោះសមត្ថកិច្ចដួចគ្នា។

ប្រភពព័ត៌មានបានឱ្យដឹងថា ភ្លាមនោះភាគីខាងអាវុធហត្ថទាំង៤នាក់ បានទាក់ទងទៅគ្រូរបស់ខ្លួនមកដោះស្រាយដែរ តែដោះស្រាយមិនចេញ ដោយសារភាគីទាំងសងខាងរងរបួសរៀងៗខ្លួន និងប្រកែកយកត្រូវរៀងៗខ្លួនផងដែរ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី១ បានប្រគល់ភាគីទាំង២ទៅឱ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកទៅសាកសួរ នៅបញ្ជាការដ្ឋាន៕

RELATED ARTICLES