Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិរដ្ឋាភិបាល​ចាប់​ផ្តើម​រៀបចំ​របាយ​ការណ៍​សេដ្ឋ​កិច្ច​ដោយ​ខ្លួន​ឯង

រដ្ឋាភិបាល​ចាប់​ផ្តើម​រៀបចំ​របាយ​ការណ៍​សេដ្ឋ​កិច្ច​ដោយ​ខ្លួន​ឯង

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមរៀបចំរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនជាសាធារណៈជាលើកតំបូង ដែលគ្រោងធ្វើឡើងពីរដងក្នុងរយៈពេលមួយឆ្នាំ តាមរយៈការស្រាវជ្រាវរបស់សេដ្ឋវិទូវ័យក្មេងរបស់ក្រសួង។

ឯកឧត្តមវង្សី វិស្សុតរដ្ឋលេខាធិការករសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងកិច្ចប្រជុំស្តីពីការតាមដានវឌ្ឍនៈភាពសេដ្ឋកិច្ច លើកទី១នាព្រឹកថ្ងៃទី៣០ សីហាកន្លងមកថា កន្លងមកការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងមូលនិធិរូបិយប័ណ្ណអន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលមិនដែលបានបញ្ចេរបាយការណ៍របស់ខ្លួនជាផ្លូវការនោះទេ ដូច្នេះក្រសួងនឹងរៀបចំបញ្ចេញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនប្រចាំឆ្នាំ ដោយធ្វើរៀងរាល់ពីឆ្នាំម្តង ដើម្បីតាមដានវឌ្ឍនភាពសេដ្ឋកិច្ច ពិនិត្យលើគោលនយោបាយ និងគ្រប់គ្រងហានិភ័យនានា។

ឯកឧត្តមបន្តថា ពេលនេះក្រសួងមានសេដ្ឋវិទូវ័យក្មេងមួយចំនួន ដែលមានសមត្ថភាពធ្វើការវិភាគ និងស្រាវជ្រាវស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ហើយរបាយការណ៍ផ្លូវការនឹងចេញផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរនៅលើវេបសាយរបស់ក្រសួង ដើម្បីបង្ហាញសាធារណៈជនបានសិក្សាស្វែងយល់។

លោកច័ន្ទ សុផលប្រធានវិទ្យាស្ថានសិក្សាគោលនយោបាយបានថ្លែងថា ការបង្ហាញនូវរបាយការណ៍សេដ្ឋកិច្ចរបស់ក្រសួង វាជាការល្អសម្រាប់ភាគីពាក់ព័ន្ឋ ទាំងខាងសារព៌តមាន ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិលអាចមានទិន្នន័យច្បាស់លាស់ក្នុងការវិភាគ។លោកបន្តថា នេះជាការវិវត្តន៍ល្អរបស់ក្រសួង សម្រាប់ធ្វើឲ្យមានតម្លាភាពនៅក្នុងម៉ាក្រូសេដ្ឋកិច្ចថែមទៀត។

យោងតាមឯកឧត្តមវង្សី វិស្សុតបានបន្តថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះនឹងរក្សាបានកំណើន៧ភាគរយ និងបន្តមានកំណើនយ៉ាងរឹងមាំសម្រាប់ឆ្នាំ២០១៧ខាងមុខ ដោយផ្អែកលើសូចនាករសេដ្ឋកិច្ចមួយចំនួន រួមមានកំនើនវិស័យកាត់ដេរ កម្មន្តសាល កំនើនវិស័យសេវាកម្ម កំនើនវិស័យពាណិជ្ជកម្ម ការងើបឡើងបន្តិចនៃវិស័យកសិកម្ម និងកំនើនការប្រមូលពន្ឋរបស់រដ្ឋាភិបាលជាដើម៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES