ខេត្តរតនគិរី ៖ ហេតុការណ៍ស្ត្រីឈឺពោះសម្រាល ស្លាប់ទាំងម្តាយទាំងកូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤០នាទី រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តរតនគីរី។
ស្ត្រីអភ័ព្វដែលឈឺពោះឆ្លងទន្លេស្លាប់ទាំងម្តាយទាំងកូន មានឈ្មោះចិត្ត កុឡាប អាយុ២១ឆ្នាំ ជាជនជាតិទំពួន មានទីលំនៅភូមិថ្មី ឃុំសេដា ស្រុកលំផាត់។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះ ដែលកំពុងមាន ផ្ទៃពោះគ្រប់ខែ បានឈឺពោះបម្រុងឆ្លងទន្លេ តែដោយសារស្ត្រីរងគ្រោះមានសភាពមិនប្រក្រតី ទើបសាច់ញាតិប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។
ប្រភពដដែលបន្តថា ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ក្រុមគ្រូពេទ្យ ក៏ពិនិត្យឃើញថា ទារកនៅក្នុងពោះ ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។ ភ្លាមនោះ ក្រុមគ្រូពេទ្យស្រុក មិនមានលទ្ធភាពសង្គ្រោះ ក៏ប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ត និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ចាក់ថ្នាំឱ្យសពទារកដែលស្លាប់ក្នុងពោះនោះកើតចេញមក។ ស្រាប់តែអកុសល បន្ទាប់ពីសម្រាលរួច និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាន២ថ្ងៃ ពោលគឺរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះក៏ស្លាប់បាត់បង់ជីវិតថែមទៀត។
ទាក់ទងទៅនឹងករណីស្ត្រីសម្រាលកូន ស្លាប់ទាំង២នាក់ម្តាយកូននេះ លោកហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគីរី បាន បញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះដែលមកឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកខេត្តខាងលើនេះ ត្រូវបានក្រុមជំនាញពេទ្យរបស់លោកពិនិត្យឃើញថា ទារក បានស្លាប់ក្នុងពោះជាយូរមកហើយ ពោលគឺតាំងពីមិនទាន់មកសម្រាលនៅមន្ទីរពេទ្យបង្អែកស្រុកម៉្លេះ ហើយស្ត្រីរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ជាអ្នកបញ្ជូនមកមន្ទីរពេទ្យខេត្ត។
ដោយឡែកលោកប៉ាន់ សារ៉ន ប្រធានមន្ទីរពេទ្យបង្អែកស្រុកបរកែវ បានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ ពិតជាបានមកសម្រាល មន្ទីរពេទ្យបង្អែកស្រុកបរកែវមែន តែក្រុមគ្រូពេទ្យជំនាញបានពិនិត្យឃើញថា ប្រព័ន្ធផ្លូវដង្ហើមរបស់ទារកលែងដំណើរការទៅហើយ ទើបលោកបានចាត់ឱ្យរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតែម្តង។
សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រូពេទ្យប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕