ភ្នំពេញ៖ ហេតុការណ៍ស្ត្រីតូចចិត្តនឹងរឿងប្តីមិនជឿសម្តី បែរជាគិតខ្លីរត់មកលោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួន មានឈ្មោះថុន រ៉ានី អាយុជាង៣០ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន២នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅ ផ្ទះជួលក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ប្តីថ្មីរបស់នាងនេះ ចេះតែចោទប្រកាន់នាងថា នាងនៅលួចលាក់ទាក់ទងជាមួយប្តីមុន ចេះតែទៅលួចជួបគ្នា និងមិនទាន់ដាច់អាល័យពីគ្នាទេ ប៉ុន្តែធាតុពិត នាងនិងប្តីមុន គឺលែងលះគ្នាដាច់ស្រេចអស់ហើយ ហើយក៏គ្មានចិត្តអ្វីជាប់ជំពាក់គ្នាទៀតដែរ ពោលគឺនាងស្មោះត្រង់តែចំពោះប្តីទី២នេះម្នាក់គត់ ប៉ុន្តែទោះជានាងលើកហេតុផល មកពន្យល់បកស្រាយយ៉ាងណា ក៏ប្តីនៅតែមិនជឿសម្តីនាង ចេះតែចោទប្រកាន់នាងម្តងជាពីរដង រហូតដល់នាងតូចចិត្តនឹងរឿងប្តីមិនទុកចិត្តនាង អស់សង្ឃឹមក្នុងជីវិត ក៏ដាច់ចិត្តគិតខ្លីបែបនេះតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាននាំស្ត្រីរូបនេះ មកកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួររកមូលហេតុ និងជួយអប់រំ លើកទឹកចិត្តឈប់ឱ្យស្ត្រីរូបនេះ មានគំនិតខ្លីបែបនេះទៀត។ បន្ទាប់មក សមត្ថកិច្ចក៏បានទាក់ទងហៅសាច់ញាតិមកទទួល យកស្ត្រីខាងលើ ឱ្យត្រឡប់ទៅផ្ទះវិញ៕