ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ បានចូលទៅកាប់ដើមឈើ១ដើម នៅក្នុងចម្ការរបស់ខ្លួន លុះពេលដួលរលំ ព្យាយាមរត់គេចចេញដែរ តែរត់មិនទាន់ ក៏បណ្តាលឱ្យដើមឈើនោះ បានបាក់មកសង្កត់ពីលើស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចដីក្នុងចម្ការមួយកន្លែង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
បុរសរងគ្រោះ ដែលត្រូវដើមឈើរលំសង្កត់ស្លាប់ មានឈ្មោះយាង ណាង អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងមានស្រុកកំណើតនៅសង្កាត់ជ្រៃ ក្រុងព្រៃវែង ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅកាប់ដើមឈើ នៅក្នុងចម្ការរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ។ លុះពេលកាប់ផ្តួលហើយ ជនរងគ្រោះ បានព្យាយាមរត់គេចដែរ តែរត់មិនទាន់ ធ្វើឱ្យដើមឈើ១ដើមនោះ បានបាក់រលំមកសង្កត់ពីលើជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័មតែម្តង៕