Monday, January 20, 2025
Homeព័ត៌មានជាតិចៅសង្កាត់មកនិយាយសម្របសម្រួល ព្រោះឃើញស្រវឹងខ្លាំង ចាប់ក្របួចកអាវវាយ

ចៅសង្កាត់មកនិយាយសម្របសម្រួល ព្រោះឃើញស្រវឹងខ្លាំង ចាប់ក្របួចកអាវវាយ

ខេត្តស្វាយរៀង៖ ករណីបុរសប្រមឹកបង្កហិង្សាដាក់ចៅសង្កាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។

ជនសង្ស័យមានឈ្មោះប៉ូច សុផល ហៅខ្វិន អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង។ ចំណែកជនរងគ្រោះ មានឈ្មោះញឹម សាំ អាយុ៧២ឆ្នាំ មានតួនាទីជាចៅសង្កាត់ចេក មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ មិនដឹងជាទើបនឹងមកពីផឹកស៊ីនៅឯណា ស្រវឹងធ្លាក់ភ្នែក គ្រាន់តែមកដល់ផ្ទះ ក៏ចាប់ផ្តើមស្រែកឡូឡា រករឿងឈ្លោះប្រកែក គំរាមអ្នកជិតខាងគ្រប់គ្នា ធ្វើឱ្យអ្នកជិតខាងទ្រាំមិនបានក៏រាយការណ៍សុំអន្តរាគមន៍ពីអាជ្ញធរមូលដ្ឋានតែម្តង។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ក៏លេចមុខលោកចៅសង្កាត់ចេក បានចុះមកអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដោយព្យាយាមនិយាយសម្របសម្រួលឱ្យជនសង្ស័យចូលទៅដេកទៅ ព្រោះស្រវឹងណាស់ហើយ ស្រាប់តែភ្លាមនោះ ជនសង្ស័យមិនត្រឹមតែមិនស្តាប់សម្តីលោកចៅសង្កាត់ប៉ុណ្ណោះទេ តែថែមទាំងស្ទុះមកចាប់ក្របួចករអាវ ហើយវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសគ្រិចកដៃខាងស្តាំ និងមានស្នាមឆូតនៅត្រង់ករបួសស្រាល។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឡប់ទៅសម្រាកព្យាបាលនៅផ្ទះវិញទៅ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួននាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់វិធានការតាមនីតិវិធី៕

RELATED ARTICLES