ភ្នំពេញ៖ ផ្ទះមួយខ្នងនៅផ្លូវឌឿងហើម ត្រូវបានអគ្គិភ័យឆាបឆេះដោយសារជាងផ្សាដែកផ្សារធ្លាក់កម្ទេចមកត្រូវបន្ទប់ដាក់សំភារៈបង្កជាអគ្គីភ័យ បង្កឲ្យមានការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី៣១ ខែសីហា នៅចំណុចផ្ទះលេខ៦៨E1z តាមបណ្តោយផ្លូវ១៤៤ ក្រុមទី៣៣ ភូមិ៧ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះនេះមានឈ្មោះ ស៊ីវ សុខា ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមសំដីរបស់ម្ចាស់ផ្ទះបានប្រាប់ថា មុនពេលកើតហេតុគាត់ហៅជាងផ្សារដែក ដើម្បីមកផ្សារដំបូលពេលដែលជាងកំពុងធ្វើការផ្សារនោះ ស្រាប់តែធ្លាក់កម្ទេចមកបណ្ដាលឲ្យឆេះបន្ទប់ដាក់សំភារៈបង្កអោយមានការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់និងបាញ់ទឹកក៍មិនរលត់ ទើបសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តោគមន៍ពន្លត់ក្រោយពីរថយន្តបានបាញ់ទឹកទើបរលត់អស់ ទាំងស្រុង ។
អគ្គីភ័យខាងលើនេះមានរថយន្តពន្លត់អគ្គិភ័យអស់៦គ្រឿង ប្រើប្រាស់រថយន្តអស់៤គ្រឿង បានពន្លត់ទៅវិញកាលពីវេលាម៉ោង១០និង២០នាទីជាស្ថាពរ ៕
ង៉ូវ ឌីណា