ស្រីស្រស់សាច់សខ្ចី ប៉ាច គីមមួយ ដែលធ្លាប់ដំបៅបេះដូងម្តងហើយ ជាមួយអតីតគូស្នេហ៍ជាតារាចម្រៀងម្នាក់នោះ ស្រាប់តែពេលនេះ មានព័ត៌មានថា គីមមួយ រកបានម្ចាស់បេះដូងថ្មីទៀតហើយ នោះគឺតារាចម្រៀងជ្រកក្រោមដំបូលតែមួយ សយ រតនៈ…។
តារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេក ប៉ាច គីមមួយ ត្រូវបានគេរាយការណ៍ថា នាងទៅណាក៏បណ្តើរប្រុសក្មេង សយ រតនៈ អតីតកូនក្រុមពេជ្រ សោភា កាលពីឆ្នាំ2015 ក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទី1ដែរ ដោយពួកគេថែមទាំងជិះរថយន្តតែ2នាក់ នៅពេលរាត្រីស្ងាត់ ដូចប្តីប្រពន្ធទៀតផង។
តារាសិល្បៈដែលស្និទ្ធគីមមួយ បានសរសើរថា ស្រីស្អាតរូបនេះពូកែរកបានសង្សារថ្មីស័ក្តិសមគ្នាខ្លាំងណាស់ តែគីមមួយ បែរជាអៀនៗ ហើយព្យាយាមគេចចេញពីការសាកសួររឿងគេថា នាងជាសង្សាររបស់រតនៈ ទៅវិញ។
តារាចម្រៀងហង្សមាស រូបនេះ និយាយទាំងអៀនៗថា “មានសង្សារគ្នាឯណាបង? គេចេះតែថាហ្នឹង ពិបាកណាស់ មិនដឹងថាម៉េចទេខ្ញុំ?”។
ទោះជាប៉ាច គីមមួយ ហាក់មិនចង់លាតត្រដាងរឿងស្នេហាថ្មី តែមិត្តភក្តិជិតស្និទ្ធជាមួយស្រីស្រស់ កូនកាត់ចិនរូបនេះ បែរជំរុញឱ្យនាងនិងរតនៈ រៀបការជាមួយគ្នាទៀតផង ទើបធ្វើឱ្យតារាមានរោមដៃរោមជើងឆ្មារៗនេះ កាន់តែពិបាកប្រកែកតទៅទៀត។
តាមព័ត៌មានបានឱ្យដឹងថា គីមមួយ ក៏ធ្លាប់ឈឺផ្សាបេះដូងដែរ ក្រោយពេលដែលនាងបានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាតារាចម្រៀងម្នាក់ ទើបធ្វើឱ្យពេលខ្លះ អ្នកចម្រៀងរូបនេះញញើតក្នុងការទទួលយកស្នេហ៍ថ្មី ព្រោះខ្លាចដើរជាន់ដានចាស់។
ពិតជាមិនខុសពីការអះអាងរបស់ប៉ាច គីមមួយ មែន ព្រោះថា ពេលនេះ ម្ចាស់ចិត្តនាង គឺប្រុសក្មេង សយ រតនៈ ដែលមិនមែនជាប្តីគេនោះទេ តែគេរង់ចាំមើលថា ការជ្រើសរើសគូស្នេហ៍ជាតារាចម្រៀងដូចគ្នានេះ ធ្វើឱ្យគីមមួយ អាចប្រឈមការដើរជាន់ដានចាស់ជាថ្មីម្តងទៀត ឬមួយប្រុសក្មេងនេះ នឹងថ្នមបំពេស្រីស្អាតរូបនេះ ឱ្យសុខសាន្តខុសពីសង្សារចាស់អ្នកចម្រៀងរូបនេះ?
ប្រភពបានឱ្យដឹងថា ទោះជាគីមមួយ បង្ហាញភាពស្អិតល្មួតជាមួយសយ រតនៈ ក្តី តែមន្ត្រីធំៗនៅតែតាមឆ្វែលស្នេហ៍ស្រីស្រស់នេះដដែល ហើយប្រុសៗវ័យចំណាស់ៗនោះ ចង់ជះលុយបង់ផ្តាច់ផ្ទះឱ្យស្រីស្អាតរូបនេះ កុំឱ្យនាងពិបាកចិត្តទៀតផង តែគីមមួយ នៅតែមិនចាប់អារម្មណ៍ឡើយ ហើយពេលខ្លះបែរជាថ្ងូរដូចព្រាបថា នាងរកលុយតែម្នាក់ឯង បង់ផ្ទះផង ថ្លៃសាលាប្អូនរៀនផង តើមានប្រុសណាឱ្យលុយនាងដោយស្រួលៗ គ្មានអ្វីជាការដោះដូរទៅ?…៕