លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារ ថា លោកនឹងមិនហ៊ានប្រថុយកោះហៅកីឡាករប្រធានក្រុម Neymar ដែលកំពុងរងរបួស ឱ្យជួយក្រុមក្នុងការប្រកួតមិត្តភាព នៅពេលខាងមុខនេះទេ។
ក្រុមជម្រើសជាតិប្រេស៊ីល កំពុងរៀបចំខ្លួន ដើម្បីប្រកួតពានរង្វាន់ Copa America នៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក្តី គ្រូបង្វឹករូបនេះ នឹងយកឱកាសធ្វើតេស្តកីឡាករ Neymar មុនពេលជ្រើសរើសក្នុងបញ្ជីសម្រាំង២៣រូប សម្រាប់ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Copa America។
Neymar កំពុងស្ថិតនៅក្នុងភាពសង្ស័យចំពោះការប្រកួតមិត្តភាព នាពេលខាងមុខនេះ បន្ទាប់ពីរងរបួសជើងខាងស្តាំ ក្នុងអំឡុងពេលប្រកួតឈ្នះក្លឹប Strasbourg ដោយលទ្ធផល ២-០ កាលពីសប្តាហ៍មុន។
នៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងប៉ារីស លោក Tite បាននិយាយថា “សុខភាពរបស់ Neymar មិនទាន់បានប្រសើរទេ ហេតុដូច្នោះហើយ បានជាខ្ញុំមានការស្ទាក់ស្ទើរក្នុងការដាក់បញ្ចូលសម្រាប់ការប្រកួតមិត្តភាព”។
លោកបានបន្តទៀតថា “ខ្ញុំអាចនឹងបាត់បង់ការងាររបស់ខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនកោះហៅកីឡាករដែលកំពុងមានរបួសឱ្យចូលទីលានប្រកួតទេ។ របួសរបស់កីឡាករ Neymar វាគឺជាបន្ទុកដ៏ធ្ងន់មួយសម្រាប់ខ្ញុំ។ បញ្ហារបួសនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់រយៈពេល៤៥ថ្ងៃ ដើម្បីសម្រាកព្យាបាល ដែលមានន័យថា គាត់នឹងអវត្តមានពី ក្លឹប Paris SG ទាំង២ជើង ក្នុងការប្រកួតយូហ្វាឆេមពានលីក ប៉ះជាមួយក្រុមបិសាចក្រហម Man Utd ក្នុងវគ្គ១៦ក្រុមចុងក្រោយ”