បើទោះជាប៉ុន្មានថ្ងៃចុងក្រោយនេះ លោក Mauricio Pochettino កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយពេលដឹកនាំក្លឹបមាន់ខ្នាយមាស Tottenham របូតចេញពីពានរង្វាន់ចំនួន២ គឺ អង់គ្លេស FA Cup និង ខារ៉ាបាវខាប់ យ៉ាងណាក៏ដោយ តែលោកនៅតែសន្យាថា នឹងមិនដើរចេញពីនេះទេ។
ការរបូតចេញពីពានរង្វាន់សំខាន់ទាំង២នេះ មានន័យថា សម្រាប់រដូវកាលនេះ លោក Pochettino មិនអាចនាំយកពានរង្វាន់ណា១ មកឱ្យក្លឹបបានទេ ខណៈពេលដែលនៅក្នុងតារាងក្របខណ្ឌ English Premier League ឈរលំដាប់លេខរៀងទី៣ ក្នុងតារាងចាញ់ក្រុមលេខ១ កំពូលតារាង រហូតដល់៩ពិន្ទុ ដែលមានន័យថា ក្លឹបនេះមិនអាចប្រជែងយកពាន Premier League បានទេ។
លោក Pochettino បាននិយាយថា “ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ។ ខ្ញុំពេញចិត្តជាមួយការប្រកួតប្រជែងជាមួយក្លឹបធំៗ ដូចជា Liverpool, Man City, Arsenal, Man Utd ជាដើម។ ខ្ញុំមិនចង់ចាកចេញពីទីនេះ ទៅដឹកនាំក្លឹបបាល់ទាត់ណា ក្រៅពី Premier League ទេ។ ការងារដែលមន្ត្រីក្លឹបទទួលស្គាល់កន្លងមក គឺក្លឹប Totteenham នៅតែរក្សាតំណែងកំពូលតារាងទាំង៤ មានកៅអីប្រកួត Uefa Champion League គ្រប់រដូវកាល”។
ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន រូបនេះ ក៏ដោយសារតែពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើន បានចេញផ្សាយថា លោកនឹងទៅដឹកនាំក្លឹបបិសាចក្រហម Man Utd នៅរដូវកាលក្រោយ។
Tottenham មិនដែលឈ្នះពាន English Premier League ចាប់តាំងពីឆ្នាំ២០០៨មកម៉្លេះ ក៏ប៉ុន្តែ៣ឆ្នាំក្រោយនេះ ក្លឹបមានកៅអីប្រកួត Uefa Champion League ជាប់ៗគ្នា៕