តារាចម្រៀងផលិតកម្មថោន លោកប៉ុន សុណារិន្ទ ហៅខេម នឹងចេញបទចម្រៀងមួយបទដែលផ្តល់ការអប់រំមនុស្សដែលបាក់ទឹកចិត្ត (Depression) ហើយសម្រេចចិត្តបញ្ចប់ជីវិត ដោយធ្វើអត្តឃាតតាមរយៈការចងក អារដៃ លេបថ្នាំ សម្លាប់ខ្លួន ឬលោតទឹក ជាដើម។ ទោះជាយ៉ាងណា ខេម មិនហ៊ានសន្និដ្ឋន្ឋាទុកជាមុនទេថា ពេលបទនោះចេញទៅនឹងមានប្រសិទ្ធភាពអាចកាត់បន្ថយបាននូវមនុស្សធ្វើអត្តឃាតដោយជំងឺ Depression នេះ ឬក៏កាន់តែមានចំនួនឡើងនោះឡើយ។
ខេម ថ្លែងថា “ខ្ញុំត្រៀមចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា “យកឈ្នះចិត្តខ្លួនឯង” ហើយបទនេះ គឺនឹងផ្តល់ការអប់រំកុំឱ្យមនុស្សទាំងឡាយដែលកើតជំងឺបាក់ទឹកចិត្តហ្នឹង ហើយបញ្ចប់ជីវិតតទៅទៀត។ ខ្ញុំគិតថា មនុស្សយើងម្នាក់ៗមុននឹងយកឈ្នះអ្នកដទៃ គួរតែយកឈ្នះខ្លួនឯងជាមុនសិន ព្រោះបើមិនអាចយកឈ្នះខ្លួនឯងផង តើយើងចង់ទៅឈ្នះអ្នកណាបានទៅ? ខ្ញុំមិនដឹងថា បទមួយនេះចេញទៅជួយអ្នកកើតរោគ Depression បានប៉ុនណាទេ តែខ្ញុំត្រូវតែចេញក្នុងពេលឆាប់ៗនេះហើយ ព្រោះឥឡូវខ្ញុំបានឱ្យអ្នកនិពន្ធ គេសរសេរហើយ សង្ឃឹមថា បទនេះនឹងជួយបានខ្លះទៅដល់បងប្អូនដែលគិតខ្លីចង់បញ្ចប់ជីវិត ដោយការធ្វើអត្តឃាតហ្នឹង”។
ការត្រៀមចេញបទ “យកឈ្នះខ្លួនឯង” របស់តារាចម្រៀងខេម នៅពេលនេះ គឺបន្ទាប់ពីមុននេះ ខេម បានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា “លើកលោកនេះ អ្នកណាចង់ក្រ” ដែលបទនេះត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរ និងលើកទឹកចិត្តដល់ខេម ទៀតផងថា ច្រៀងបានពីរោះ ហើយបទនេះជារឿងពិត ដែលគ្រប់គ្នាអ្នកណា ក៏មិនចង់ក្បែរ។
ខេម សប្បាយចិត្តណាស់ ដែលទទួលបានការកោតសរសើរលើកទឹកចិត្តពីសម្តេចនាយករដ្ឋមន្ត្រី នៅពេលនេះ ទើបរូបគេបានត្រៀមចេញបទ“យកឈ្នះចិត្តខ្លួនឯង”។
ខេម បន្ថែមថា “ខ្ញុំមានមោទនភាពដែលសម្តេចតេជោ គាត់បានសរសើរ និងលើកទឹកចិត្តដល់ខ្ញុំបាទ។ ខ្ញុំនឹងខិតខំតទៅទៀត ហើយក៏ត្រៀមចេញបទប្រពៃណីខ្មែរមួយចំនួនទៀត នៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះដែរ។ ខ្ញុំគិតថា សំឡេងខ្ញុំស្អកអ៊ីចឹង មិនអាចច្រៀងបទស្រែកខ្លាំងៗបានទេ អ៊ីចឹងបទប្រពៃណីខ្មែរ ស័ក្តិសមបំផុតជាមួយសំឡេងខ្ញុំ”៕